(តាកែវ) ៖ សមត្ថកិច្ចនាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទផ្សំគំនិតអំពើលួចរថយន្ត០១គ្រឿង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រុងព្រះសីហនុ ហើយមកសំងំបន្លំខ្លួន ជាអ្នករត់ម៉ូតូឌុបនៅខេត្តតាកែវ។
ហេតុការណ៍ចាប់ជនសង្ស័យនេះបាន ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោក ញ៉ុង ញីវ នាយការិយាល័យព្រហ្មទណ្ឌកម្រតិស្រាលខេត្ត បានឲ្យដឹងថា កិច្ចសហប្រត្តិបការគ្នា ជាមួយនាយកដ្ឋានប៉ូលិសក្រសួងមហាផ្ទែនេះ បានដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ផ្លាកលេខតាកែវ ១N៥៤០៥។
ជនសង្ស័យឈ្មោះ ហុង សារឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិពុទ្ធសាំ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ មុខរបររត់ម៉ូតូឌុប។
កម្លាំងជំនាញបានបន្តឆែកឆេរកឃើញអាវុធខ្លីមួយដើម ម៉ាកCZ2075RAM បង់មួយគ្រាប់១០គ្រាប់ ស្រោមមួយ ដែលជនសង្ស័យកប់ដីលាក់ទុក នៅខាងក្រោយផ្ទះរបស់ខ្លួន។
លោកនាយការិយាល័យបានបន្តទៀតថា សកម្មភាពដែលជនសង្ស័យបានផ្សំគំនិត លួចរថយន្តនៅឯខេត្តព្រះសីហនុ កាលពីទី២២ ខែវិច្ឆិកា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យរត់មកផ្ទះរបស់គេ ដោយធ្វើជារត់ម៉ូតូឌុបដូចធម្មតាវិញ។ តែដោយសារសមត្ថកិច្ចក្រសួងមហាផ្ទែ ចាប់ខ្លួនបក្សពួកដែលលួចរថយន្តបាននោះ ទើបប៉ូលីសក្រសួងមហាផ្ទៃ ចុះមកសហការណ៍ជាមួយកម្លាំងព្រហ្មទណ្ទខេត្ត និងឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលដែលជនសង្ស័យ កំពុងតែរត់ម៉ូតូឌុប។
ក្រោយពេលឃាត់ខ្លួនបានហើយ សមត្ថកិច្ចបានប្រគល់ជនសង្ស័យ ទៅឲ្យប៉ូលីសក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តព្រោះរឿងវាកើតឡើងនៅខេត្តគេផ្សេង៕