(ភ្នំពេញ)៖ ម្នាក់លួចកង់លីរត់ តែត្រូវម្ចាស់ឃើញទាន់ និងម្នាក់ផ្សេងទៀតលួចម៉ូតូបានសម្រេច ហើយរត់គេចខ្លួនបានកន្លះខែដែរ សង្ស័យអត់លុយជក់ថ្នាំញៀន តែជាលទ្ធផលវិញ ត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវ ដេញតាមស្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ ក្នុង២គោលដៅ និង២ករណីផ្សេងគ្នា ក្រោមប្រតិបត្តិការស្រាវជ្រាវរហូតបង្ក្រាបបានជាក់ស្ដែង ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌឬស្សីកែវ ក្រោយមានការបំភ្លឺពីសាក្សី និងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើង ស្ថិតនៅត្រង់ចំណុចខាងមុខផ្ទះសំណាក់វិមានទួលសងែ្ក តាមបណ្ដោយផ្លូវលេខ៩៩R ក្រុមទី៨ និងមួយទីតាំងទៀតស្ថិតនៅត្រង់ចំណុចផ្ទះលេខ១៣ ក្រុមទី២ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្កទី១ ក្នុងរយៈពេល២ថ្ងៃជាប់គ្នា មកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ជនសង្ស័យដែលបង្ក្រាបបានមានឈ្មោះ ស វណ្ណថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៩ ផ្លូវបេតុង ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងមានសារធាតុញៀនក្នុងខ្លួន។ ឯជនរងគ្រោះដែលបានបាត់ម៉ូតូ១គ្រឿងម៉ាកស្កុបពី សេរី២០១៤ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Cw-1934 មានឈ្មោះ ភាព សុភាវត្តី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុ។
ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឯម សុខវិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឧទួលគោក សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ ចំណែកជនរងគ្រោះជាម្ចាស់កង់ឈ្មោះ ស៊ីម សុទូច ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះកើតហេតុខាងលើ។
លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងជាចោរលួចម៉ូតូ គឺបានអនុត្តឡើងក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រយៈពេលកន្លះខែមកហើយ ពោលគឺតាំងពីថ្ងៃទី១០ ខែវិច្ឆិកាមកម្លេះ ក្រោយពីមានការបំភ្លឺពីសាក្សី និងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដែលបានបាត់ម៉ូតូម៉ាកស្កុបពី១គ្រឿងនៅក្នុងផ្ទះរបស់ខ្លួន ដែលជាការបង្ក្រាបក្នុងករណីទី១។
លោកអធិការខណ្ឌឬស្សីកែវ បានបញ្ជាក់ទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងជាចោរលួចកង់ (កង់ហាត់ប្រាណ) ដែលជាករណីទី២ គឺបានអនុត្តន៍ឡើងភ្លាមៗ ទៅតាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះ ថានៅមុនពេលកើតហេតុ រូបគេកំពុងតែអង្គុយជជែកគា្នលេងនៅក្នុងផ្ទះ ស្រាប់តែឃើញ ជនសង្ស័យលួចយកកង់លីដើរបណ្ដើរ រត់បណ្ដើរ ទើបសម្រេចចិត្តស្រែកឲ្យផ្អើលដល់អ្នកក្បែរជិតខាង និងសមត្ថកិច្ចដែលកំពុងតែយាមល្បាតផងនោះ បានចេញមកអន្តរាគមន៍ដេញតាមចាប់ក្របួចជាប់ និងដកហូតយកទាំងកង់មកវិញតែម្ដង។
ទោះបីយ៉ាងណា បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងជាចោរលួចម៉ូតូ និងកង់ទាំង២នាក់ ក្នុង២គោលដៅ និង២ករណីផ្សេងគ្នា បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕