(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់១១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង, រថយន្តតូច៤គ្រឿង និងយន្ដផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល២៤ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២២៥លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន១១២នាក់, របួសធ្ងន់២០៥នាក់ និងរបួសស្រាល១៣៩នាក់៕