(ព្រះសីហនុ)៖ យោងតាមលោក វ៉េង ស៊ីសុវង្ស អនុប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បាន ឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតព្រះទីប សំពះព្រះខែ និងអកអំបុក ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរណ៍សរុបប្រមាណ ៦៣.០០០ម៉ឺននាក់ ថយចុះ២៥,៨៨% ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ៥០.២៣០នាក់ ថយចុះ៣២,០៧% ភ្ញៀវអន្តរជាតិមានចំនួន ១២.៧៧០នាក់ កើនឡើងប្រមាណ ១៥,៥៦%។
លោក វ៉េង ស៊ីសុវង្ស បានឲ្យដឹងទៀតថា ភ្ញៀវទៅកំសាន្តតាមបណ្តាកោះមានចំនួនសរុប ៦.៤៨៩នាក់ កើនឡើង៨.៣៦% ក្នុងនោះភ្ញៀវជាតិចំនួន ៣.០០១នាក់ ថយចុះ៨៧,៨៩% និងភ្ញៀវអន្តរជាតិ មានចំនួន ៣.៤៨៨នាក់ កើនឡើង ២៧,៧០%។
ចំណែកភ្ញៀវទេសចរ ចូលតាមអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានចំនួនសរុប ៥.៤០០នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៥០នាក់ និងបរទេស ៥.៣៥០នាក់។
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ ចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុចំនួន១ ដែលមានភ្ញៀវសរុប ១.៨៥៤នាក់ មាននាវឹកសរុប ៧៩៣នាក់។
លោក វ៉េង ស៊ីសុវង្ស បានឲ្យដឹងបន្តថា ភ្ញៀវមកកម្សាន្តតាមរមណីយដ្ឋាននានា រួមមាន៖
* រមនីយដ្ឋានក្បាលឆាយ មានចំនួនសរុប ៤.៧៩៥នាក់ ក្នុងនោះមានភ្ញៀវបរទេស ៦០នាក់។
* រមនីយដ្ឋានថ្មរូង មានភ្ញៀវសរុប ១៨៨០នាក់ ក្នុងនោះបរទេស២៧០នាក់។
* រមនីយដ្ឋានពិចនិច មានភ្ញៀវទេសចរសរុប ១.៨៥០នាក់ ក្នុងនោះភ្ញៀវបរទេស ៣៣០នាក់។
ចំពោះតម្លៃសេវាកម្មស្នាក់នៅសណ្ឋាគារមួយចំនួន មានការកើនឡើងចន្លោះពី ២០% ទៅ ៣៥% និងផ្ទះសំណាក់មួយចំនួន មានការកើនឡើងចន្លោះពី ៣០% ទៅ ៥០% ។ ចំណែកម្ហូបអាហារគ្រឿងសមុទ្រមានការឡើងថ្លៃប្រមាណ ២០%។
ជាមួយគ្នានេះ ដោយមានការយកចិត្ដទុកដាក់ និងរៀបចំផែនការគ្រប់គ្រងយ៉ាងម៉ត់ចត់ ពីគណៈបញ្ជាការឯកភាពខេត្ដ ដូចជាស្នងការការនគរបាលខេត្ដ និងកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ធ្វើសន្ដិសុខ និងសុវត្ថិភាព មានលក្ខណៈល្អប្រសើរ ពុំមានចោរឆក់ លួច និងមនុស្សលង់ទឹកឡើយ។ បរិស្ថាននិងអនាម័យសាធារណៈ ត្រូវបានសង្កេតឃើញថា មានលក្ខណៈល្អប្រសើរដោយអាជីវករ និងភ្ញៀវទេសចរ បានចូលរួមសហការវេចខ្ចប់ទុកដាក់សំរាម តាមទីតាំងប្រមូលសំរាមត្រឹមត្រូវ៕