(ភ្នំពេញ)៖ សំណង់ទ្វារទឹក៧មករា ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ បានរងនូវការខូចខាតដោយកន្លែង ក៏ដោយសារតែអ្នកបើកអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៣ បានយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅវាយបំផ្លាញនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយមិនទាន់ដឹងមូលហេតុពិត។
ក្រោយមានហេតុការណ៍ដ៏កម្រនេះកើតឡើងភ្លាម រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានបញ្ជាឲ្យមន្រ្តីមួយចំនួនចុះទៅកាន់គោលដៅ សហការជាមួយក្រុមមន្រ្តីដែលកំពុងប្រចាំការ មើលស្ថានភាពទឹកនៅទីនោះស្រាប់ ដើម្បីធ្វើការទប់ស្កាត់ រហូតធ្វើការឃាត់ខ្លួនអ្នកបើកអេស្កាវ៉ាទ័រចំនួន២នាក់ អមដោយអេស្កាវ៉ាទ័រចំនួន២គ្រឿងផងដែរ។ នេះជាការបញ្ជាក់ឲ្យដឹងពីលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា សម្រាប់មូលហេតុពិតនោះ នៅមិនទាន់ដឹងនៅឡើយទេគិតត្រឹមយប់ថ្ងៃនេះ ដោយសារតែអ្នកបើកបរអេស្កាវ៉ាទ័រទាំង២នាក់ ក៏មិនបានដឹងហេតុផលឡើយ ពោលគ្រាន់តែទទួលបញ្ជាពីមេរបស់គេ (ក្រុមហ៊ុន) មកវាយតែម្តង ហើយក៏មិនទាន់ដឹងថា តើក្រុមហ៊ុននេះមានឈ្មោះអី ជាក្រុមហ៊ុនស្ថិតនៅក្នុងវិស័យឯកជន ឬក៏រដ្ឋនោះឡើយ ដោយរង់ចាំរហូតព្រឹកស្អែក ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត។
តែយ៉ាងណាក៏ដោយ បើតាមអ្នកនាំពាក្យរូបនេះ កម្មករបើកអេស្កាវ៉ាទ័រទាំង២នាក់ ត្រូវឃាត់ជាបណ្តោះអាសន្នសិនរង់ចាំការសួរនាំបន្ថែម ដើម្បីចាត់វិធានការតាមច្បាប់។
យោងតាមរបាយការណ៍របស់ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ម៉ៅ ហាក់ អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប ដែលបានធ្វើកំណត់ហេតុ នៃបទល្មើសមួយនេះ បានបង្ហាញថា នៅវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីវាយជើងទេរសំណង់ទ្វារទឹក៧មករា ដោយក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៣ ដែលមានគ្រឿងចក្រ២គ្រឿង (អេស្កាវ៉ាទ័រមួយគ្រឿងម៉ាក Suny បើកដោយលោក ម៉េង ឡូង និងមួយគ្រឿងទៀតម៉ាក Sunward បើកបរដោយលោក វង់ រដ្ឋា)។
របាយការណ៍បានបន្តថា ការវាយបំផ្លាញនេះ បានបណ្តាលឲ្យខូចខាតចំនួន១ប្រឡោះ និងធ្នឹមក្រោម០៤ប្រឡោះប្រវែងប្រមាណ៨ម៉ែត្រ។
សូមបញ្ជាក់ថា សំណង់ទ្វារទឹក៧មករា មានទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ម្ខាងក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងម្ខាងទៀតនៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដែលត្រូវបានកសាងឡើងដោយជំនួយឥតសំណងរបស់រដ្ឋាភិបាល ជប៉ុននៅខែតុលា ឆ្នាំ២០០៥ ហើយបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០០៧ និងត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ចាន់ យុត្ថា។
សំណង់ទ្វារទឹកនេះ ត្រូវបានក្រសួងធនធានទឹកសាងសង់ឡើង មានគោលបំណងសំរួលចរន្តទឹក (Flood Regulator) ដើម្បីកុំឲ្យជំនន់ទឹកយាយីរាជធានីភ្នំពេញ និងខេត្តកណ្តាល ពោលនិយាយឲ្យស្រួលស្តាប់ទៅ គឺជាសំណង់សម្រាប់ទប់ទឹកជំនន់ បង្កគ្រោះអន្តរាយដល់ទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕