(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើង សារព័ត៌មានបរទេសដែលគ្មានមូលដ្ឋាននៅកម្ពុជា ពោលមានទីតាំងនៅបរទេស ហើយមានចេតនាទុច្ចរិតផ្សាយព័ត៌មានបំផ្លើស ក្នុងន័យបំផ្លាញ ឬធ្វើឲ្យចលាចលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ជាតិ និងច្បាប់អន្ដរជាតិ។
ការថ្លែងបែបនេះរបស់ លោក ជិន ម៉ាលីន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «តើកម្ពុជាត្រូវការវត្តមានកងទ័ពបរទេសដែរ ឬទេ»។
វេទិកានេះ ធ្វើឡើងក្រោយសារព័ត៌មាន Asia Times មានមូលដ្ឋាននៅបាងកក ដែលគេសង្ស័យថា បង្កើតឡើងដើម្បីបម្រើនយោបាយរបស់ក្រុមបរទេសមួយចំនួន ក៏បានយកប្រភពមិនច្បាស់លាស់ផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថា នឹងអនុញ្ញាតឲ្យចិន បោះមូលដ្ឋានយោធានៅខេត្តកោះកុង ហើយក៏ផ្សាយដែរថា កម្ពុជាកំពុងស្ថិតនៅចំណុចកណ្តាល នៃសង្រ្គាមត្រជាក់រវាងអាមេរិក និងចិនជាដើម។
អ្នកនាំពាក្យ ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយការទទួលខុសត្រូវរបស់សារព័ត៌មានបរទេស ដែលមិនមានមូលដ្ឋាននៅកម្ពុជា មានមូលដ្ឋាននៅក្រៅប្រទេស ដែលបានចុះផ្សាយបំផ្លៃ ចុះផ្សាយបំផ្លើស ចុះផ្សាយដោយភាន់ច្រឡំ ឬក៏ដោយចេតនាទុច្ចរិក ក្នុងការបំផ្លាញ ឬក៏ចេតនាធ្វើឲ្យចលាចល នៅក្នុងប្រទេសមួយ ក៏ដូចជានៅក្នុងតំបន់ ហើយសារព័ត៌មានបែបនេះ ជាគោលការណ៍ច្បាប់ជាតិ ក៏ដូចជាច្បាប់អន្ដរជាតិត្រូវមានការទទួលខុសត្រូវ»។
បើតាមការលើកឡើងរបស់ លោក ជិន ម៉ាលីន ការទទួលខុសត្រូវរបស់សារព័ត៌មានបរទេសនោះ មានពីរចំណុច ដោយទី១៖ ការទទួលខុសត្រូវតាមបែបវិជ្ជាជីវៈអ្នកសារព័ត៌មាន និងទី២៖ ការទទួលខុសត្រូវតាមផ្លូវច្បាប់។
លោកអះអាងថា សារព័ត៌មានបរទេសដែលផ្សាយបំផ្លើសនេះ ដាច់ខាតត្រូវតែទទួលខុសត្រូវ ប៉ុន្ដែបើចោទសួរថា រាជរដ្ឋាភិបាលចាំបាច់ទាមទារ ឲ្យមានការទទួលខុសត្រូវដែរឬទេ នេះជាសិទ្ធិរបស់រដ្ឋាភិបាល ជាអ្នកសម្រេច។ ប៉ុន្ដែប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាចង់ឲ្យសារព័ត៌មានបរទេស ដែលគេសង្ស័យថា បង្កើតឡើងដើម្បីបម្រើនយោបាយ របស់ក្រុមបរទេសមួយចំនួននោះ ទទួលខុសត្រូវ គឺពិតជាមានយន្ដការ និងវិធានការណ៍គ្រប់គ្រាន់ ដែលអនុញ្ញាតដោយច្បាប់ជាតិ ក៏ដូចជាច្បាប់អន្ដរជាតិ។
លោក ជិន ម៉ាលីន ក៏បានបង្ហាញអំពីទិដ្ឋាភាពច្បាប់បន្ថែមថា ការទាមទារឲ្យមានការទទួលខុសត្រូវតាមបែបវិជ្ជាជីវៈអ្នកសារព័ត៌មាននោះ គឺអ្នកដែលរងផលប៉ះពាល់ ពីការចុះផ្សាយ អាចទាមទារឲ្យមានការសុំទោសជាសាធារណៈ ហើយធ្វើការកែតម្រូវ ប៉ុន្ដែប្រសិនបើមិនមានការកែប្រែទេ អាចអនុវត្តតាមច្បាប់អន្ដរជាតិ ពោលតាមមធ្យោបាយរដ្ឋបាល និងកាទូត ដោយសុំឲ្យរដ្ឋាភិបាលនៃប្រទេសដែលសារព័ត៌មាននោះតាំងទី មានវិធានការណ៍ច្បាប់ក្នុងដែនដីរបស់ខ្លួន៕