(ព្រៃវែង)៖ ចាប់តាំងពីចុងឆ្នាំ២០១៦មក ឆ្លៀតក្នុងពិធីបុណ្យប្រពៃណីជាតិធំៗជាអាទិ៍ បុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែជាដើម។ល។ ដែលបងប្អូនកម្មករ ពលករចំណាកស្រុកមានឱកាសឈប់សម្រាកវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ក្រុមការងារចំណាកស្រុករបស់ខេត្តព្រៃវែង បានរៀបចំកម្មវិធីជួបសំណេះសំណាលជាបន្តបន្ទាប់ ជាមួយបងប្អូនទាំងអស់នោះ តាមមូលដ្ឋាននានាក្នុងស្រុក ក្រុងទូទាំងខេត្ត។
កម្មវិធីជួបសំណេះសំណាលនេះ រៀបចំឡើងដើម្បីរួមចំណែកគាំទ្រយុទ្ធនាការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបាន និងកំពុងចុះជួបសំណេះសំណាលដោយផ្ទាល់ ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុករាប់សែននាក់ និងក្នុងគោលបំណងកសាងទំនាក់ទំនងផ្សារភ្ជាប់ជិតស្និទ្ធ ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុកនៃខេត្តព្រៃវែង លើកទឹកចិត្តឱ្យបងប្អូនទាំងអស់នោះបន្តរួមសាមគ្គីគ្នាខិតខំធ្វើការតាមសមាអាជីវោ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ប្រយោជន៍គ្រួសារ និងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តរក្សាសុខសន្តិភាពរបស់ប្រទេសជាតិ ការដោះស្រាយការងារ ការលើកស្ទួយជីវភាពរស់នៅ និងសុខមាលភាពប្រជាជន ព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យរីកចំរើនជាលំដាប់ដូចពេលបច្ចុប្បន្ន។
ជាលទ្ធផលក្នុងរយះពេលកន្លងមក ក្រុមការងារចំណាកស្រុក បានជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករ ពលករនៅតាមខ្នងផ្ទះ និងក្នុងកម្មវិធីជួបជុំប្រមូលផ្តុំនៅតាមមូលដ្ឋានភូមិ ឃុំនានា និងនៅក្នុងស្រុក ក្រុងមួយចំនួនទូទាំងខេត្តព្រៃវែង សរុបបានចំនួនប្រមាណជិត ៣០ម៉ឺននាក់។
ដោយឡែកក្នុងពេលបុណ្យអុំទូកឆ្នាំនេះ នាទីលានបាល់ទាត់ស្រុកបាភ្នំ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ព្រុំ សុខា ប្រធានក្រុមការងារចំណាកស្រុកខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ ដោយមានការចូលរួមពីលោកស្រី អស់លោក អនុប្រធានក្រុមការងារស្រុក អភិបាល អភិបាលរងស្រុក ព្រមទាំងមន្រ្តីនៅមូលដ្ឋានមួយចំនួនបានជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុកប្រមាណជិត២ពាន់នាក់។
ក្នុងឱកាសនោះ ក្រៅពីការផ្សព្វផ្សាយសភាពការណ៍ទូទៅដែលទាក់ទងដល់ការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករពលករចំណាកស្រុកលោកប្រធានក្រុមការងារ ក៏បានឆ្លៀតកោតសរសើរ និងថ្លែងអំណរគុណសារជាថ្មីម្តងទៀត ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជូនចំពោះបងប្អូនចំណាកស្រុកទាំងអស់ក្នុងស្រុកបាភ្នំ មានប្រមាណ ២ម៉ឺន៥ពាន់នាក់ ដែលបានអញ្ជើញមកចូលរួមបោះឆ្នោត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានទទួលជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។
លោក ព្រុំ សុខា ប្រធានក្រុមការងារក៏បានសំណូមពរបងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋានក៏ដូចជាបងប្អូនចំណាកស្រុកទាំងអស់ ឱ្យរួបរួមគ្នាជាធ្លុងមួយបន្តទៀត ជំនះរាល់ការលំបាកឧបសគ្គសព្វបែបយ៉ាងជាអាទិ៍ចំពោះមុខ សង្គ្រាមចិត្តសាស្រ្តរបស់មជ្ឈដ្ឋានអគតិទាំងក្នុង និងក្រៅប្រទេស សំដៅលើកកម្ពស់ជំនឿជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជន និងលើកំលាំងសាមគ្គីជាតិ រួមចំណែកកាន់តែខ្លាំងក្លាចំពោះបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សង្គមជាតិកម្ពុជាសម្រាប់អនាគតដ៏រុងរឿង របស់កូនចៅជំនាន់ក្រោយ៕