(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ លោក សុខុម រិទ្ធីវុធ បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្រាប់ច្បាប់ថ្មីរបស់ក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ នឹងដាក់ពិន័យលើទន្តពេទ្យណា យកសញ្ញាបត្ររបស់ខ្លួន ដែលបញ្ចប់ការសិក្សាដោយទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ ទៅឈរឈ្មោះជូនដល់ពេទ្យធ្មេញ មិនមានទទួលការបណ្តុះបណ្តាល និងមិនមានវិជ្ជាជីវៈត្រឹមត្រូវ ។
ការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ យ៉ាងដូច្នេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសន្និសីទ និងការតាំងពិព័រណ៌ទន្តសាស្ត្រ នៃសមាគមព្យាបាលរន្ធឬសធ្មេញកម្ពុជាលើកទី១ ក្រោមប្រធានបទស្តីពី «បច្ចេកវិទ្យានៃការព្យាបាលរន្ធឬសធ្មេញ ក្នុងយុគសម័យទំនើប» ដែលមានការចូលរួមពីទន្តពេទ្យប្រមាណជាង១០០នាក់។
លោក សុខុម រិទ្ធីវុធ បានបញ្ជាក់ថា «ច្បាប់ថ្មីត្រូវមានទោសទណ្ឌ ប្រសិនបើយើងឆ្លៀតឱកាសប្រព្រឹត្តិបទល្មើសដោយមិនដឹងខ្លួន គឺថាយើងទៅឈរឈ្មោះឲ្យជាងធ្មេញ ដែលអាចនឹងបង្កគ្រោះដល់ខ្លួន នៅពេលដែលជាងធ្មេញនោះ មិនបានអនុវត្តន៍ ទៅតាមគោលការណ៍ច្បាប់ ឬក៏ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ឬក៏សុខភាពរបស់ប្រជាពលរដ្ឋយើង»។
ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ ក៏បានបញ្ជាក់បន្ថែមថា មកទល់នឹងពេលនេះ ក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ មិនទាន់មានពាក្យបណ្តឹងណាមួយ ដែលធ្វើឲ្យគណៈទន្តពេទ្យធ្វើការដោះស្រាយនោះទេ ក៏ប៉ុន្តែលោកក៏បានណែនាំដល់សមាជិកសមាជិកាមិនត្រូវឲ្យមាន រឿងនេះកើតឡើង ក៏ព្រោះវាពិបាកដល់ខ្លួនជាអ្នកប្រព្រឹត្ត។
លោក សុខុម រិទ្ធីវុធ សង្កត់ធ្ងន់ថា ក្រោយរបបខ្មែរក្រហម កម្ពុជាស្ទើរតែបាត់បង់អស់អ្នកជំនាញ ដែលមានវិជ្ជាជីវៈផ្នែកទន្តសាស្ត្រ ក៏ប៉ុន្តែបច្ចុប្បន្ននេះយើងសង្កេតឃើញថា ពិតជាមានការរីកចម្រើនគួរជាទីកត់សម្គាល់ នូវផ្នែកវិជ្ជាជីវៈទន្តសាស្ត្រ ដែលធ្វើឲ្យការផ្តល់សេវារបស់យើងកាន់តែប្រសើរឡើងទៅៗ។
ជាមួយគ្នានោះ ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិរូបនេះ ក៏បានអំពាវនាវដល់ទន្តពេទ្យ មេត្តារួសរាន់បំពេញបែបបទស្នើសុំចុះបញ្ជីកាតាមប្រព័ន្ធអ៊ីនធើណែត ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញភាពស្របច្បាប់ក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្ត្រក្នុងប្រទេសកម្ពុជា ព្រោះថាគណៈទន្តពេទ្យកម្ពុជា អាជ្ញាធរវិជ្ជាជីវៈតែមួយគត់ មានសិទ្ធិចុះបញ្ជីកា ផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ផ្តល់ពិន្ទុនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបន្តត្រួតពិនិត្យសម្បទាវិជ្ជាជីៈឃ្លាំមើលការប្រត្តិបត្តិវិជ្ជាជីវៈ ការពារកិត្តិយស និងឥស្សរភាពវិជ្ជាជីវៈទន្តសាស្ត្រ។
សូមជម្រាបថា គណៈទន្តពេទ្យកម្ពុជា នឹងដាក់ដំណើរការនៃការស្នើសុំអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ខាងមុខនេះតទៅ៕