(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ហ៊ួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០១៨ នៅសួនច្បារមុខវត្តបុទុមវតី ដើម្បីមន្ត្រីរាជការពីក្រសួង មន្ទីរ ខណ្ឌ សង្កាត់ ផ្សារ ភូមិ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយឬទ្ធិកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ធ្វើការផ្សព្វផ្សាយពីបរិស្ថានអនាម័យ និងចុះរើសសំរាមតាមទីសាធារណៈ ក្រោយពីពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានបញ្ចប់ជាស្ថាពរ។
Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានឲ្យដឹងដែរថា ព្រឹកនេះ ទីតាំងរបស់បងប្អូនប្រជាពលរដ្ឋ បានជួបជុំសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបោសសម្អាតរួចរាល់។ ចំពោះទីតាំងមួយចំនួនទៀត នៅសេសសល់ការប្រឡាក់កំណកខ្លាញ់ ការខូចស្មៅដោយអន្លើរតាមសួនច្បារ រដ្ឋបាលរាជធានី នឹងចាត់ចែងរៀបចំបន្តទៀត នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយទុកឱកាសជូនបងប្អូនកម្មករ បោសសម្អាតបានឈប់សម្រាក១ថ្ងៃ បន្ទាប់ពីបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ អស់រយៈពេល៣ថ្ងៃ កន្លងមកនេះ។
សូមជម្រាបថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូលរួមទស្សនាប្រមាណ៤.៥លាននាក់។ នេះបើយោងរបាយការណ៍ របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន ដែលជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ជាការកត់សម្គាល់ ប្រជាពលរដ្ឋខ្មែរភាគច្រើន ក៏ដូចជាភ្ញៀវទេសចរ មិនមានស្មារតីទទួលខុសត្រូវទាល់តែសោះ ចំពោះសំរាម និងកាកសំណល់ហូបចុករបស់ខ្លួន ក្នុងពេលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក ហើយនៅពិធីបុណ្យតូចធំ ឬក៏ការដើរទស្សនានៅកន្លែងនានា ក៏ពួកគេនៅតែមិនមានការទទួលខុសត្រូវនៅឡើយដែរ។ ទង្វើនេះ បានធ្វើឲ្យអ្នកប្រមូលសំរាម ត្រូវបោសសម្អាតចាប់ពីម៉ោង១២៖០០យប់ រហូតដល់ម៉ោង៧៖០០ព្រឹក ដើម្បីធានាឱ្យបានបរិស្ថាន សោភ័ណភាព និងសម្រស់ទីក្រុងស្រស់ស្អាត។
ខណៈសំរាមជាច្រើនសន្ធឹកសន្ធាប់ នៅរាយប៉ាយពាសពេញទីធ្លាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រមទាំងបានទទូចដល់សប្បុរសជននានា គប្បីចូលរួមឧបត្ថម្ភដល់កម្មករប្រមូលសំរាម ដែលធ្វើការងារប្រមូលសំរាម ក្នុងព្រះរាជពិធីនេះផង។ ទន្ទឹមនឹងការអំពាវនាវនេះ លោករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លូនចំនួន ១លានរៀលផងដែរ។
ជាការពិតណាស់ ក្នុងពេលប្រណាំងទូកនាឆ្នាំនេះ គេឮតែសំឡេងប្រកាសឧបត្ថម្ភសម្ភារ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់កីឡាករអុំទូក ប៉ុន្តែដូចជាមិនទាន់ឮការប្រកាសឧបត្ថម្ភថវិកា សម្រាប់កម្មករប្រមូលសំរាម ដែលកំពុងរាយប៉ាយដ៏ច្រើនអនេកនៅឡើយ។ រូបភាពមិនគប្បីជាច្រើន ដែលបង្ហាញពីកាកសំណល់សំរាមដាច់កន្ទុយភ្នែក ពិសេសនៅតាមមាត់ទន្លេ មិនសមគ្មានអ្នកឃើញ ឬមិនសមគ្មានអ្នកគិតគូរឡើយ៕