(ព្រះវិហារ)៖ ជនសង្ស័យ៣នាក់ ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនជិត៣០កញ្ចប់ និងសម្ភារជាច្រើនទៀត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តចំនួន៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចខាងលើ ក្នុងនោះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកចំនួន២៣កញ្ចប់ស្មើ និង២,២៣ក្រាម រថយន្តកាមរីពណ៌ស១គ្រឿង ម៉ូតូម៉ាកMSX១គ្រឿង កាំភ្លើងខ្យល់១ដើម ដាវ១ ទូរសព្ទ័៣គ្រឿងផងដែរ។
ក្រោយការសួរនាំរួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕