(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត ចុះសួរសុខទក្ខ និងប្រគល់អំណោយជូនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឆែប២ ដែលរងគ្រោះដោយអគ្គិភ័យភ្លើងឆេះផ្ទះ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ជំនួសមុខឲ្យថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏ដូចជាលោកអធិការក្រុង-ស្រុក បានសំដែងនូវការចូលរួមសោកស្តាយចំពោះហេតុការណ៍គ្រោះអគ្គិភយ័នេះ។
លោកស្នងការ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចជាកាលតែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងនគរបាលជាតិទាំងអស់ផងដែរ។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានបញ្ជាក់ថា ដើម្បីសំដែងនូវការចូលរួមសោកស្តាយចំពោះហេតុការណ៍គ្រោះអគ្គិភ័យ បណ្តាលឲ្យឆេះផ្ទះនាយរងប៉ុស្តិ៍រដ្ឋបាលឆែប២ រូបលោក និងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជា លោកអធិការក្រុង ស្រុក បាននាំនូវថវិការ និងសម្ភារមួយចំនួន យកមកប្រគល់ជូនរួមមាន៖ ថវិកាចំនួន៩៣៤០០០០រៀល អង្ករ៤០០គីឡូក្រាម ទឹកសុទ្ធ៥០យួរ ទឹកត្រី៧យួរ ទឹកស៊ីវអ៊ីវ៦យួរ មី១២កេះ កៅស៊ូតង់១ ត្រីខ២យួរ និងទឹកក្រូច១កេះផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះអគ្គិភ័យមួយ បានកើតឡើងបណ្តាលឲ្យផ្ទះមួយខ្នងទំហ៊ំ៩គុណ១២ម៉ែត្រ រងការឆេះខូចខាតទាំងស្រុង។ ជនរងគ្រោះជាម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ពាង ខឿម មានមុខងារជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឆែប២ រស់នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ៕