Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីពាណិជ្ជកម្ម អបអរសាទរប្រទេសជប៉ុន ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥

24-11-2018 11:39

(ប៉ារីស)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងគណៈប្រតិភូកម្ពុជា បានសម្តែងការសាទរដល់ទីក្រុងអូសាការបស់ប្រទេសជប៉ុន ដែលត្រូវបានអង្គសន្និបាតនៃការិយាល័យពិព័រណ៍ពិភពលោក (BIE) ចូលរួមដោយប្រទេសចំនួន ១៧០ បោះឆ្នោតជ្រើសរើសធ្វើជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ពិភពលោកឆ្នាំ២០២៥»

ការសាទររបស់លោករដ្ឋមន្ត្រី និងគណៈប្រតិភូ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលដែលទីក្រុងអូសាកា របស់ប្រទេសជប៉ុន បានផ្តួលទីក្រុងអ៊ីកាតឺរ៉ង់ប៊ឺក របស់ប្រទេសរុស្សី ក្នុងសំឡេង ៩២ ទល់នឹង ៦១ នៅក្នុងការបោះឆ្នោតជុំចុងក្រោយ ដែលរៀបចំឡើងដោយការិយាល័យពិព័រណ៍ពិភពលោក (BIE) ប្រចាំទីក្រុងប៉ារីស នៃប្រទេសបារាំង។

ការបោះឆ្នោតត្រូវបានចាប់ផ្តើម ក្រោមការចុចប៊ូតុងពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីប្រទេសរុស្សី ជប៉ុន និងអាហ្សាបៃហ្សង់ ដែលជាបេក្ខភាពចុងក្រោយ បានឡើងធ្វើបទបង្ហាញស្តីពីផែនការសកម្មភាព ក្នុងការរៀបចំពិព័រណ៍ពិភពលោករបស់ខ្លួន។

ការបោះឆ្នោតត្រូវបានធ្វើឡើងចំនួន ២ជុំ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

ជុំទី១៖ -ប្រទេសរុស្សី ទទួលបាន ៤៨សំឡេង
-ប្រទេសជប៉ុន ទទួលបាន ៨៥សំឡេង
-ប្រទេសអាហ្សិបបៃហ្សង់ ទទួលបាន ២៣សំឡេង
-អនុបវាទ ០សំឡេង

ជុំទី២៖ -ប្រទេសរុស្សី ទទួលបាន ៦១សំឡេង
-ប្រទេសជប៉ុន ទទួលបាន ៩២សំឡេង
-អនុបវាទ ២ សំឡេង (១.២៩%)

គួររំលឹកដែរថា ទីក្រុងអូសាកានៃប្រទេសជប៉ុន ធ្លាប់ត្រូវបានជ្រើសរើសធ្វើជាទីតាំងរៀបចំពិព័រណ៍ពិភពលោក កាលពីឆ្នាំ១៩៧០ ហើយជ័យជម្នះពេលនេះ គឺដោយសារតែប្រទេសជាសមាជិក BIE ទាំងអស់ មានទំនុកចិត្តលើបទពិសោធន៍ និងសមត្ថភាពបំពេញប្រតិបត្តិការរបស់ប្រទេសជប៉ុន នាពេលកន្លងមក។

ទស្សនៈរបស់ទីក្រុងអូសាកាសម្រាប់ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ ផ្តោតសំខាន់លើ «បន្ទប់ពិសោធន៍រស់រវើក» សម្រាប់បច្ចេកវិទ្យាទំនើប ដូចជាបដិវត្តន៍មនុស្សយន្ត និងការពិតបែបនិម្មិត។ ទស្សនៈដ៏អស្ចារ្យនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសជប៉ុន ដាក់បង្ហាញជាសាធារណៈចំនួន ១៨៥ថ្ងៃ គឺចាប់តាំងពីថ្ងៃទី០៣ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបានទាក់ទាញអ្នកទស្សនាចំនួន ២៨លាននាក់ នៅក្នុងប្រទេសជប៉ុន និងលើពិភពលោក៕