(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤របស់ខ្លួន រយៈពេល២ថ្ងៃ នៅសប្តាហ៍ក្រោយនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដោយធ្វើឡើងនៅថ្ងៃទី២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ព្រឹត្តិការណ៍មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងកម្មវិធីបិទ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមដោយវត្តមានឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀតផងដែរ។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ ធ្វើឡើងស្របនឹងខួបទី៤០ឆ្នាំរបស់ខ្លួន នៃការប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងបន្ថែម និងលើកកម្ពស់ប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ មហាសន្និបាតក៏នឹងផ្តោតការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ២០១២–២០១៨ និងទិសដៅការងារឆ្នាំ២០១៨–២០២៣ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិក ជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈនៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុតដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕