(ភ្នំពេញ)៖ សាស្ត្រចារ្យ គង់ ណារី ដែលជាគ្រូបង្ហាត់ចម្រៀងដ៏ល្បីមួយរូប នាទសវត្សរ៍៨០ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ និងនៅពេលនេះ កំពុងជួយសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ។

លោក សុវណ្ណារ៉េត ដែលជាក្មួយប្រុសអ្នកស្រី គង់ ណារី តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានថ្លែងថា ស្ថានភាពរបស់អ៊ុរបស់ខ្លួន (អ្នកស្រី គង់ ណារី) កំពុងស្ថិតនៅក្នុងកម្រិតធ្ងន់ ដែលក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។

បើតាមលោក សុវណ្ណារ៉េត បានបញ្ជាក់ថា អ្នកស្រី គង់ ណារី ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ទៅកាន់មន្ទីរពេទ្យលោកសង្ឃកាលពីល្ងាចម្សិលមិញ បន្ទាប់ពីការដេកព្យាបាល នៅក្នុងផ្ទះអស់រយៈពេលជាច្រើនឆ្នាំមកនោះ។

សូមបញ្ជាក់ថា អ្នកស្រី គង់ ណារី ដែលជាគ្រូបង្ហាត់ចម្រៀងដ៏ល្បីមួយរូប នាពេលអតីតកាល បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្នុងដំណាក់កាលធ្លាក់ខ្លួនឈឺនោះ ក៏មានថ្នាក់ដឹកនាំ​ សិល្បករ សិល្បការិនីមួយចំនួន បានទៅសួរសុខទុក្ខ និងឧបត្ថម្ភអំណោយផងដែរ។

យ៉ាងណាក៏ដោយលោក សុវណ្ណារ៉េត ដែលជាក្មួយរបស់អ្នកស្រី គង់ ណារី ក៏សូមជូនដំណឹងនេះដល់ថ្នាក់ដឹកនាំ និងអ្នកសិល្បករ ជាពិសេស កូនសិស្សដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអ្នកស្រី មេត្តាជ្រាបជាព័ត៌មាន ហើយទំនាក់ទំនងលេខទូរស័ព្ទ 077 613 131៕