(រតនគិរី)៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា នៃការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកកំសាន្តសប្បាយនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តមានចំនួន១៨.៥៦២នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៨.២១៩នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣៤១នាក់។
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ លោក ង៉ែត ពិទូ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រៀបធៀបទៅនឹង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧ ភ្ញៀវទេសចរមានការកើនឡើង ១១៨,២% (ភ្ញៀវជាតិកើន ១២១,៣% និងភ្ញៀវអន្តរជាតិកើន ១២,២%)»។
បើតាមមន្ត្រីទេសចរណ៍រូបនេះ មានកត្តា៥យ៉ាង ដែលធ្វើឲ្យមាន លំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលមកកម្សាន្ត នៅក្នុងខេត្តរតនគិរី នាឱកាសពិធីបុណ្យធំៗ៖
*ទី១៖ កត្តាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍បានតភ្ជាប់មកកាន់ខេត្តរតនគិរី មានភាពងាយស្រួល
*ទី២៖ កត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាព និងសុវត្ថិភាពទេ ប្រាកដណាស់ថានឹងមិនមានប្រជាពលរដ្ឋណាម្នាក់ ចង់ដើរលេងកម្សាន្តនោះទេ
*ទី៣៖ កត្តាសេដ្ឋកិច្ច បើប្រជាពលរដ្ឋគាត់គ្មានលុយទេ គឺគាត់មិនអាចដើរលេងបានទេ
*ទី៤៖ កត្តាពេលវេលា បើគ្មានពេលឈបលសម្រាករយៈពេលវែង ឬរយៈខ្លីណាមួយនោះទេ ក៏ពួកគាត់មិនដើរលេងដែរ
*ទី៥៖ សក្តានុពលទេសចរណ៍ ខេត្តរតនគិរី មានតំបន់រមណីយដ្ឋានអេកូទេសចរណ៍ ចំនួន១៤កន្លែង ជាពិសេសរមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម ដែលជារមណីយដ្ឋានមួយ មានការទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ-អន្តជាតិ។
លោកថា កត្តាទាំង៥យ៉ាងនេះ បានធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី មានការរីកចម្រើនគួរឲ្យមោទនៈ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសបានរួមចំណែក ដល់ការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈកំណើនភ្ញៀវទេសចរណ៍ មានការកើនឡើងឥតឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ង៉ែត ពិទូ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងម្ហូប អាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់ឲ្យក្រុមការងាររបស់លោក ចុះអប់រំណែនាំអំពីអនាម័យ និងមិនឲ្យមានការតំឡើងថ្លៃ នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នោះទេ។ ប៉ុន្ដែលោកក៏ទទួលស្គាល់ដែរថា នៅមានសេវាកម្ម ម្ហូបអាហារ និងសណ្ឋាគារ ផ្ទះសំណាក់ មួយចំនួនបានតំឡើងថ្លៃលើសការ កំណត់របស់មន្ទីរបន្ដិចបន្ដួចផងដែរ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ ដែលអញ្ជើញចូលមកកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តរតគិរីរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកឆ្នាំ២០១៨នេះ មានសភាពច្រើនកុះករ ហើយពួកគាត់បានសម្តែងនូវការសាទរយ៉ាងក្រៃលែង។ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ៕