(ប៉ារីស)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញប្រទេសជប៉ុន និងកូរ៉េ ធ្វើការវិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលផ្សេងទៀត មានដូចជា ស្រូវ ពោត សណ្តែក និងឈើហូបផ្លែ ដើម្បីពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារ និងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានអតិបរមា។
សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំប្រតិភូចូលរួមកម្មវិធី “A Small-Business-Group Seated Dinner” រៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងចែករំលែកព័ត៌មានផ្សេងៗ ទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និងទេសចរណ៍។
កម្មវិធីនោះ ត្រូវបានដឹកនាំដោយ លោក Manatsu ICHINOKI អគ្គលេខាធិការ នៃលេខាធិការដ្ឋាន គណៈកម្មការរៀបចំពិព័រណ៍ពិភពលោកជប៉ុន ឆ្នាំ២០២៥ និងមានការចូលរួមពីអង្គទូតនៃប្រទេសបារាំង កូរ៉េ ប៊ែលហ្សិក និងបុគ្គលិកលេធិការដ្ឋាន ប្រមាណជាង១៥នាក់។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ និងមន្ត្រីអង្គទូតទាំងអស់ អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងផលិតផលអទិភាពសម្រាប់ធ្វើការអភិវឌ្ឍន៍ចង្វាក់តម្លៃ និងធ្វើពិពិធកម្មនាំចេញ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ជំនាន់ទី៣ ឆ្នាំ២០១៤-២០១៨ ហើយបច្ចុប្បន្នយុទ្ធសាស្ត្រនេះ កំពុងត្រូវបានរៀបចំឡើងវិញ ដើម្បីឱ្យមានសង្គតិភាពជាមួយគោលនយោបាយជាតិដ៏ទៃទៀត។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានពន្យល់ភ្ញៀវកិត្តិយសទាំងអស់ អំពីអត្ថប្រយោជន៍នៃគោលនយោបាយគាំពារវិនិយាគរបស់កម្ពុជា និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាការលើកលែងពន្ធលើប្រាក់ចំណេញ និងពន្ធលើការនាំចូលសម្ភារៈ និងឧបករណ៍កសិកម្ម ក៏ដូចជាសក្តានុពលនៃវិស័យវប្បធម៌ និងទេសចរណ៍ធម្មជាតិ។
ជាការឆ្លើយតប លោកអគ្គលេខាធិការ Manatsu ICHINOKI និងអង្គទូតទាំងអស់ ដែលមានវត្តមាននៅក្នុងកម្មវិធី បានសម្តែងការសាទរចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលបានចែករំលែកព័ត៌មានល្អៗ ទាក់ទិនឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោកអគ្គលេខាធិការជប៉ុន និងមន្ត្រីអង្គទូតទាំងអស់ បានសន្យាពាំនាំយកសំណើរបស់ឧត្តមរដ្ឋមន្ត្រី ទៅជម្រាបរដ្ឋាភិបាលរបស់ខ្លួន ព្រមទាំងជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ទៅដល់វិស័យឯកជនថែមទៀត ដើម្បីចូលទៅបណ្តាក់ទុនកាន់ច្រើននៅក្នុងប្រទេសកម្ពុជា៕