(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ការបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយម
វៀតណាម។
ក្នុងអំឡុងពេលទស្សនកិច្ច លោកឧបនាយករដ្ឋមន្រ្តី នឹងជួបសម្តែងការគួរសមជាមួយ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រជុំទ្វេភាគីជាមួយលោក ផាម ប៊ិញមិញ ដើម្បីពិភាក្សាអំពីមធ្យោបាយលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើបញ្ហាផ្សេងៗ ដែលមានផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះ នឹងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងពង្រឹងស្មារតីសាមគ្គីភាព និងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា និងវៀតណាម ៕