(ហៃណាន-ចិន)៖ កម្ពុជាគ្រោងនឹងអនុវត្តម្រោង២ទៀត ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាង លើវិស័យទេសចរណ៍ រួមមាន៖ សន្និសីទស្តីពីការបកស្រាយពីបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ឆ្ពោះទៅរកគុណភាពក្នុងការទទួលស្គាល់ និងពេញចិត្តរបស់ភ្ញៀវទេសចរ និងសិក្ខាសាលាស្តីពី ការពង្រឹងការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ភ្ញៀវទេសចរចិន។
នេះជាការបញ្ជាក់របស់លោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន ក្នុងពេលដឹកនាំប្រតិភូប្រទេសមាជិកមេគង្គ-ឡាងឆាង ទាំង៥ប្រទេស មានកម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងប្រទេសចិន ជួបសំណេះសំណាលជាមួយលោក តុង ដាយជី ប្រធានលេខាបក្សកុំម្មុយនិសចិនខេត្តហៃណាន ប្រទេសចិន នៅក្នុងឱកាសនៃពិធីបើកជាផ្លូវការវេទិកាសាន់យ៉ា ឆ្នាំ២០១៨ ស្តីពីកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍។
លោក តុង ដាយជី បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានចូលរួមជាលើកទី២ ក្នុងវេទិកានេះ និងបានគូសបញ្ជាក់ពីទំនាក់ទំនងកម្ពុជា-ចិន ជាមិត្តដែកថែប ដែលមិនប្រេះស្រាំ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង។
ក្រោយទស្សនកិច្ចទៅកាន់កម្ពុជា លោក តុង ដាយជី បានកត់សម្គាល់ឃើញថា កម្ពុជាមានសក្តានុពលខ្លាំង និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ លោករដ្ឋលេខាធិការ ហោ មុនីរ័ត្ន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន និងប្រជាជនចិន ដែលជានិច្ចកាលតែងជួយគាំទ្រយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍនៅកម្ពុជា។
គួររំឭកថា កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីការអភិវឌ្ឍទេសចរណ៍រវាងទីក្រុង និងទីក្រុង ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវអាកាស និងផ្លូវទឹក ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាស្វែងយល់ពីវប្បធម៌រវាងប្រទេសទាំងពីរ ការចែករំលែកបទពិសោធន៍ អំពីការអភិវឌ្ឍទីក្រុងទេសចរណ៍ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងសហគ្រិនភាព។
អនុលោមតាមអនុស្សរណៈយោគយល់គ្នានេះ និងក្រោមជំនួយឧបត្ថម្ភហិរញ្ញប្បទានពីរដ្ឋាភិបាលចិន កម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី ការបណ្តុះបណ្តាលគ្រូបង្គោលមេគង្គ-ឡាងឆាង លើស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន នៅទីក្រុងសៀមរាប កាលពីថ្ងៃទី៨-១២ ខែឧសភា ឆ្នាំ២០១៨។
ក្នុងនាមក្រសួងទេសចរណ៍ លោក ហោ មុនីរ័ត្ន បានស្នើដល់អង្គវេទិកាពិចារណារ បង្កើតឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍មេគង្គ-ឡាងឆាង ភ្ជាប់ជាមួយវេទិកាសាន់យ៉ា ស្តីពីកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍លើកក្រោយ។
នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងវេទិកាពិភាក្សាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ និងចែករំលែកទស្សនទាន ទិសដៅក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍នៅកម្ពុជា ក៏ដូចជាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាង ដោយស្នើដល់វេទិកាពិចារណាលើចំណុចមួយចំនួន រួមមាន៖ ការជំរុញការលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីទីក្រុងស្អាតរបស់អាស៊ាន (ដោយកម្ពុជាជាប្រទេសនាំមុខ កម្ពុជាស្នើសុំភាគីចិនផ្តល់រថយន្តដឹកសំរាម និងបូមទឹកកខ្វក់ ម៉ាស៊ីនដុតសំរាមកែច្នៃជាថាមពលអគ្គិសនី។ ការបង្កើតផលិតផលទេសចរណ៍ និងតភ្ជាប់ខ្សែទស្សនកិច្ចទេសចរណ៍រវាងទីក្រុងបេតិកភណ្ឌ ការវិនិយោគលើវិស័យទេសចរណ៍ ជាពិសេសក្នុងសហគមន៍ និងអេកូទេសចរណ៍ និងការរៀបចំព្រឹត្តិការណ៍កីឡាទេចរណ៍សំខាន់ៗទាំងលើទឹក និងលើគោក សម្រាប់បណ្តាខេត្ត-ក្រុងនៃប្រទេសសមាជិកមេគង្គ-ឡាងឆាង។
សូមបញ្ជាក់ថា ទីក្រុងសាន់យ៉ាជាកោះដ៏ធំមួយ ដែលទទួលបានទេសចរប្រមាណ ២០លាននាក់ (ក្នុងនោះទេសចរអន្តរជាតិមានប្រមាណ ៦លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ១៤លាននាក់) ក្នុងឆ្នាំ២០១៧៕