(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោក ឈុន សុង ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានដឹកនាំមន្ត្រីរាជការ សមាជិកាសមាគមនារី និងប្រជាពលរដ្ឋ ជាង៤ម៉ឺននាក់ ប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើបូរីវប្បធម៌កោះសំពៅមាស ទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរយើង។
ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ ដែលបានមកចូលរួមទស្សនាការប្រគុំតន្រ្តីរាំលេងកម្សាន្ត ការតាំងពិព័រណ៌ផលិតផល ការបាញ់កាំជ្រូច ការបង្ហោះគោម ដើម្បីចូលរួមអបអរសាទរ និងបង្កើនភាពសប្បាយរីករាយ ឱ្យកាន់តែមានភាពអធិកអធមបន្ថែមទៀត។
លោកព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ្ឌ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ និងជាប្រធានគ្រប់គ្រងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានថ្លែងឲ្យដឹងដែរថា ព្រះរាជពិធីបុណ្យអុំទូក ដែលធ្វើព្រមគ្នាជាមួយនឹងពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាមរតកវប្បធម៌ដូនតាខ្មែរសុទ្ធសាធ។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីនេះ នៅថ្ងៃទី១៤, ១៥កើត និង១រោជ ខែកក្ដិក ដែលមានរយៈពេលបីថ្ងៃ ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងទឹកភ្លៀង ទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ, អភិរក្សវប្បធម៌ប្រពៃណីយខ្មែរពីដូនតា, បង្ហាញពីភោគផលដំណាំដាំដុះ របស់ប្រជាកសិករ និងបង្ហាញពីការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។
លោកព្រឹទ្ធាចារ្យបានបន្ថែមថា ខេត្តពោធិ៍សាត់ ពិតជាមានភ័ព្វសំណាងណាស់ ដែលមានអភិបាលខេត្តយកចិត្តទុកដាក់ គិតគូរពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងសិល្បៈ រៀបចំពិធីផ្សេងៗឡើង ជាក់ស្តែងដូចជាពិធីប្រណាំងទូក ខ្នាតអន្តរជាតិ ដែលពុំធ្លាប់មានទាល់តែសោះក្នុងទឹកដីខេត្តពោធិ៍សាត់ ហើយទើបតែប្រារព្ធធ្វើរួចកាលពីថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកាកន្លងទៅ នៅតាមដងស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក ផ្លូវលេខ១០១ ដោយមានទូកចូលរួមប្រគួត១៣គូ ក្នុងមួយទូកចំណុះមិនលើស២៤នាក់។
លោកព្រឹទ្ធាចារ្យបានបន្ថែមទៀតថា ថ្ងៃបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើកោះសំពៅមាសនាពេលនេះ លោកបានរៀបចំ គ្រឿងរន្តាប់ បុសបុក ទៅតាមទម្លាប់ព្រះពុទ្ធសាសនា និងព្រហ្មញសាសនា។ ក្នុងឱកាសលោកបានជូនភ្ជាប់នឹងឈុតព្រះថោងតោងស្បៃ បង្ហាញពីស្នេហារវាងយុវជន យុវនារីខ្មែរ សម័យអង្គរ និងឈុតនាងទាវចូលម្លប់ បានជួបគ្នាជាមួយទុំ បង្ហាញពីស្នេហារវាងយុវជន យុវនារីខ្មែរ សម័យលង្វែក ជូនប្រជាពលរដ្ឋទស្សនា ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកផងដែរ៕