(កំពង់ឆ្នាំង)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការស្រាជ្រាវឃាត់ខ្លួនមន្ដ្រីយោធាម្នាក់ យកទៅសួរនាំដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីបាញ់បោះសេរី កាលពីវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
បើតាមកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ គង់ ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ បំរើការងារផ្នែកខាង (ហិរញ្ញវត្ថុ) ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹកកំពង់ឆ្នាំង ហើយជាកូនអ្នកធំម្នាក់នៅទីនោះផងដែរ។
កម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា មុនកើតហេតុ ជនសង្ស័យមកតាមប្អូន កំពុងផឹកស៊ីនៅផ្ទះមិត្តភក្តិ ឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែប្អូនប្រកែកមិនព្រមទៅ ក៏មានការឈ្លោះប្រកែកគ្នា ទើបបណ្ដាលឲ្យមានការផ្ទុះអាវុធកើតឡើង តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ ឬរបួសស្នាមអ្វីឡើយ៕