(មណ្ឌលគិរី)៖ ភ្ញៀវទេសចរក្នុង និងក្រៅស្រុក ចាប់ផ្តើមបង្វែទិសមកកម្សាន្ត ទឹកដីខេត្តមណ្ឌលគិរីកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្នុងពេលឈប់សម្រាកបុណ្យទានម្តងៗ ទីនេះលែងស្ងាត់ជ្រងំដូចគ្រាមុនៗទៀតហើយ។
ជាក់ស្តែងភ្ញៀវទេសចរនាពេលឈប់សម្រាក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ឆ្នាំ២០១៨ឆ្នាំនេះ គេសង្កេត ឃើញមានអ្នកទេសចរក្នុងនិងក្រៅស្រុក បាននាំគ្នាសម្រុកមកលេងកម្សាន្ត នៃទឹកដីមួយនេះមានចំនួនច្រើនមែនទែន ក្នុងឆ្នាំនេះអាចនិយាយបានថា មានចំនួនកើនឡើង ទ្វេដងនៃឆ្នាំមុនៗ។
ទោះបីចំនួនភ្ញៀវទេសចរ មានចំនួនច្រើនលើសលប់ ដល់ធ្វើឲ្យចំនួនបន្ទប់សម្រាប់ស្នាក់អាស្រ័យ ផ្ទះសំណាក់ សណ្ឋាគារមិនគ្រប់គ្រាន់ តែបងប្អូនអ្នកទេសចរ បាននាំគ្នាបោះតង់ បោះជំរុំ ស្ទើរគ្រប់ទីកន្លែងដូចជា លើភ្នំ វាលស្មៅ ខៀវស្រង៉ាត់រាប់រយពាន់ជំរុំស្នាក់នៅ ដោយសុខស្រួល និងទទួលបានបរិយាកាស ទេសភាពដ៏ប្រណីតៗ និងអាកាសធាតុបរិសុទ្ធ និងផាសុខភាពទៀតផង។ បច្ចុប្បន្ននេះ ទឹកដីនៃខេត្តមួយនេះ ក៏កំពុងក្លាយទៅជាតំបន់ទេសចរណ៍មួយ កំពុងអង្រួនបេះដូង និងទាក់ទាញដល់អ្នកទេសចរណ៍យ៉ាង ខ្លាំងទៀតផង។
រីឯសន្តិសុខសម្រាប់ពួកគាត់ គឺគ្មានការព្រួយបារម្ភអ្វីនោះឡើយ។ ក្នុងនោះក៏មានយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អាជ្ញាធរខេត្ត ក៏ដូចជាអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត បានចូលរួមសហការគ្នាការពារសន្តិសុខ ជូនអ្នកទេសចរបានយ៉ាងល្អប្រសើរ៕