(សៀមរាប)៖ បន្ទាប់បិទបញ្ចប់ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ របស់ខេត្តសៀមរាបនោះ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបន្ដជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកដើរកម្សាន្ដក្នុងពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨នេះផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តសៀមរាប និងភរិយា ព្រមទាំងមន្ដ្រីរាជការអមដំណើរ ក៏បានសាកសួរអំពីការរស់នៅ និងការបំពេញការងារ ប្រកបរបរទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបានថតរូបស៊ែលហ្វីទុកជាអនុស្សាវរីយ៍ប្រកបដោយភាពរីករាយ ស្និតស្នាលបំផុតផងដែរ រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង ក៏ឆ្លៀតប្រាប់ប្រជាពលរដ្ឋទាំងអស់ថា ការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបនេះ ដំណើរការទៅបានក៏ដោយសារតែប្រទេសជាតិ មានសុខសន្ដិភាពពេញលេញ កំណើនសេដ្ឋកិច្ចចេះតែកើនឡើងជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
អភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ទីតាំងប្រារព្ធពិធីនៅដងស្ទឹងសៀមរាប ដែលលម្អដោយ ទេសភាពធម្មជាតិដ៏ល្អត្រកាល បានបង្កើនបរិយាកាសដ៏សែនមនោរម្យ ថែមទៀតដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនាខេត្តសៀមរាបនៅក្នុងពិធីនេះ មានចំនួនប្រមាណ ៣៣១,៨៩៦នាក់ កើនឡើង១៨,៥៨% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរជាតិចំនួនប្រមាណជាង ២៩៩,០០០នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ៣២,៨៩៦នាក់ បាននិងបន្តការស្នាក់នៅ ដើម្បីធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋានវប្បធម៌នានាថែមទៀតផង៕