(ភ្នំពេញ)៖ ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករទូក ដែលអញ្ជើញមកចូលរួមកម្សាន្ដក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ ពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដោយបានការឯកភាពពីគណៈកម្មាធិការជាតិ រៀបចំពិធីបុណ្យជាតិ-អន្តរជាតិ បានចាត់តាំងឲ្យសាខាកាំកុងត្រូលទាំងអស់ ក្នុងរាជធានីភ្នំពេញ ចុះទៅអង្កេតពិនិត្យទំនិញ ពិសេសចំណីអាហារ ដែលដាក់តាំងលក់ក្នុងបរិវេណ និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធី ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែទទួលបាននូវភាពកក់ក្តៅ ក្នុងការទទួលទាន និងទទួលបានសុខភាពល្អ។
ជាក់ស្តែងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលទាំងអស់ក្នុងរាជធានីភ្នំពេញ បានបន្តសហការគ្នាចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ តាមគោលដៅរបស់ខ្លួន ដែលបានកំណត់ជាបន្តទៀត។
ដោយឡែកនាថ្ងៃទី៣ នៃព្រះរាជពិធីនេះ មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្រ្តីសាខារាជធានីភ្នំពេញ មន្រ្តីជំនាញនៃមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មរាជធានីផងដែរ បានចុះពិនិត្យទំនិញជាចំណីអាហារ និងភេសជ្ជៈពីមុខបរិវេណសួនច្បារវិមានឯករាជ្យ រហូតដល់គល់ស្ពានកោះពេជ្រ ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ការត្រួតពិនិត្យនេះ គឺសំដៅពិនិត្យទៅលើអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់រយៈពេលប្រើប្រាស់ និងសារធាតុគីមីហាមឃាត់ ដែលប្រើប្រាស់លើផលិតផល ចំណីអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ ។
ទន្ទឹមនេះមន្រ្តីកាំកុងត្រូល ក៏បានចែកផ្សាយនូវផ្ទាំងរូបភាព Poster និងបានណែនាំឲ្យអាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ សូមមេត្តាពិនិត្យមើលលក្ខណៈ អនាម័យ ភាពសមស្របនៃការដាក់តាំងលក់ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងចំណីអាហារ ហើយមិនត្រូវដាក់តាំង លក់ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមីហាមឃាត់ យកមកលក់ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកទទួលទានឡើយ៕