អាជ្ញាធរខណ្ឌសែនសុខ ប្រកាសរកសាច់ញាតិជនបរទេសម្នាក់ ដែលធ្វើអត្តឃាតលោត ពីលើអគារកម្ពស់១៣ជាន់ (Video inside)
23-11-2018 15:48
(ភ្នំពេញ)៖ រហូតដល់រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចមិនទាន់ទទួលបានព័ត៌លម្អិតណាមួយ ពីអត្តសញ្ញាណសពជនបរទេស ដែលលោតសម្លាប់ខ្លួន ពីលើអគារកម្ពស់១៣ជាន់ (ខន់ដូ) ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មីនៅឡើយទេ។
អាជ្ញាធរខណ្ឌតាមរយៈបណ្តាញព័ត៌មាន Fresh News សូមប្រកាសដើម្បីផ្តល់ដំណឹងដល់គ្រួសារសព ឬតំណាងស្ថានទូតរបស់ជនរងគ្រោះ ប្រចាំនៅកម្ពុជា បានទទួលជ្រាបជាព័ត៌មាននេះ។
សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីមានជនជាតិបរទេសម្នាក់ លោតពីលើអគារខុនដូ បុរីសែនសុខ ហើយបានស្លាប់ភ្លាមៗក្នុងថ្លុកឈាម។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤៖១០នាទីរសៀល។
បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ តាមទូរស័ព្ទមកថា មានករណីមនុស្សស្លាប់ នៅចំណុចខាងលើ ហើយក៏រាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ ចុះមកពិនិត្យដល់កន្លែងកើតហេតុ។
ក្រោយពីត្រួតពិនិត្យមើលកាំមេរ៉ាសុវត្ថិភាពរួច បានឃើញជនរងគ្រោះដើរ តាមកាំជណ្តើរដោយស្លៀកខោខ្លី ដោះអាវ ពាក់មួកក្រហម ឡើងទៅលើលុះដល់ជាន់ទី១៣ ក៏លោតមកក្រោយធ្លាក់មកដល់ជាន់ទី៥ ស្លាប់បាត់បង់ជីវិតតែម្តង។
សមត្ថកិច្ចបានឱ្យដឹងទៀតថា សពជនបរទេសខាងលើមិនស្គាល់អត្តសញ្ញាណទេ ភេទប្រុស ស្លៀកខោរខ្លី អត់មានពាក់អាវ។ នៅពេលនេះ សពត្រូវបាន សមត្ថកិច្ចដឹកយកទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវបន្ត ព្រោះសពមិនមានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណនៅជាប់ខ្លួនទេ៕