(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នឹងយាងទតព្រះរាជពិធីប្រណាំទូក នៅលើវេទិកាព្រះពន្លាជ័យ មុខព្រះបរមរាជវាំង ព្រះអង្គដងកើដងទន្លេសាប។ ជាមួយគ្នានេះ ព្រះអង្គនឹងប្រទានពានជ័យលាភី ដល់ទូកដែលទទួលបានជ័យលាភី បន្ទាប់ពីការប្រណាំងចប់ផងដែរ។
បើតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងដែរថា នៅរសៀលថ្ងែនេះ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ដែលព្រះអង្គនឹងយាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច នារាត្រីយប់ថ្ងៃចុងក្រោយនេះ។
សម្តេចតេជោ ក៏បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ឲ្យបានល្អ ជូនបងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ ដែលមកកម្សាន្តសប្បាយផងដែរ។
បើតាមលោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការប្រកួតទូក បានប្រាប់ Fresh News ឲ្យដឹងថា ទូកដែលបានមកចូលរួមប្រណាំងនៅក្នុងឆ្នាំ២០១៨នេះ មានចំនួន២៩៥ទូក ដែលមានចំណុះទូកសរុប ទាំងបុរសនារីចំនួន ១៩,០១៧នាក់ និងកម្លាំងត្រៀមបំរុងចំនួន ៣,៥២៥នាក់។ ចំនួនទូកចូលរួមឆ្នាំនេះ គឺច្រើនជាងឆ្នាំមុន ចំនួន២៥ទូក ខណៈដែលឆ្នាំមុនមានតែ២៧០ទូក។
ក្នុងនោះមានទូកអុំបុរសចំនួន១៦៣ទូក, ទូកអុំនារីចំនួន០១ទូក, ទូកចែវ បុរសចំនួន៣២ទូក, ទូកចែវនារីមានចំនួន០១ទូក, ទូកអុំខ្នាតអន្តរជាតិបុរស៩៦ទូក និងទូកអុំខ្នាតអន្តរជាតិនារីចំនួន០២ទូក។ ក្នុងចំណោមទូកទាំង២៩៥ទូក ដែលបានមកចូលរួមប្រកួតនាឆ្នាំនេះ មានទូករបស់រាជធានីភ្នំពេញចំនួន៤៦ទូក, ខេត្តកណ្ដាល៧៣ទូក, កំពង់ចាម៤០ទូក, ត្បូងឃ្មុំ៩ទូក, កំពង់ធំ១០ទូក, ព្រៃវែង៤២ទូក, កំពង់ឆ្នាំង២៩ទូក, ក្រចេះ១៥ទូក, តាកែវ៤ទូក, ខេត្តបាត់ដំបង៤ទូក, ខេត្តស្វាយរៀមាន២ទូក, បន្ទាយមានជ័យ១ទូក, ព្រះវិហារ២ទូក, ខេត្តមណ្ឌលគីរី១ទូក, ខេត្តស្ទឹងត្រែង១ទូក, ខេត្តកំពត១ទូក, ខេត្តកំពង់ស្ពឺ៣ទូក, ខេត្តពោធិ៍សាត់៣ទូក, ទីស្ដីការគណៈរដ្ឋមន្ត្រី១ទូក, បញ្ជាការដ្ឋានកងទ័ពជើងទឹក២ទូក, បញ្ជាការដ្ឋានកងទ័ពជើងគោក១ទូក, កងរាជអាវុធហត្ថលើផ្ទៃប្រទេសមាន២ទូក, កីឡានគរបាលជាតិ១ទូក និងវត្តមហោនន្ទិយនេញ្ចរារាមនិវេទ (ហៅវត្តព្រែកប្រាំង) ចំនួន៤ទូកផងដែរ។
បើតាមលោក ប៊ូ ជុំសេរី ការប្រកួតទូកថ្ងៃចុងក្រោយនេះ ក៏ដូចការប្រកួតរាល់ថ្ងៃដែរ គឺទូកទាំង១៤៨គូ តម្រូវឲ្យប្រកួត ទាំងអស់ឡើងវិញតែម្តង ដោយ១ថ្ងៃត្រូវអុំប្រកួត២ជើង។ លោកថា ទូកដែលឈ្នះ២ថ្ងៃ ត្រូវប្រកួតជាមួយ ទូកឈ្នះ២ថ្ងៃដូចគ្នា ទូកឈ្នះ១ថ្ងៃ ត្រូវប្រកួតជាមួយទូកឈ្នះ១ថ្ងៃដូចគ្នា ហើយទូកចាញ់ ត្រូវប្រកួតជាមួយ ទូកចាញ់ដូចគ្នាដែរ។ ជាមួយគ្នានេះ ទូកដែលនឹងត្រូវទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ជាដើម មិនកំណត់ចំនួននោះទេ គឺអាស្រ័យនឹងចំនួន ទូកដែលឈ្នះជាក់ស្តែង។
មន្ត្រីរូបនេះបានបញ្ជាក់ថា នៅរសៀលថ្ងៃនេះ ព្រះមហាក្សត្រកម្ពុជា ក៏នឹងយាងប្រទានពានជ័យលាភី ជូនកីឡាករទូកង ដែលទទួលបានជ័យជម្នះផងដែរ៕