(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញបញ្ជីផ្គូទូកសម្រាប់ថ្ងៃទី៣ នៃពិធីប្រណាំងទូក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ។ យោងតាមបញ្ជីផ្គូទូកដែលអង្គភាពព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា មានទូកចំនួន២៩៥ ស្មើនឹង១៤៨គូសម្រាប់ប្រកួត។
ជាមួយគ្នានេះលោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការប្រកួតទូក បានឱ្យដឹងដែរថា ទូកចំនួន២៩៥នេះ មានចំណុះទូក ១៩,០១៧នាក់ ចូលរួមប្រកួតប្រជែងនៅតាមដងទន្លេ មុខព្រះបរមរាជវាំង។ ក្នុងនោះទូកអុំនារី១, អុំបុរសមាន ១៦៣ទូក, ទូកចែវនារី ១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦។
លោកបានឲ្យដឹងបន្តថា ការប្រកួតទូកថ្ងៃចុងក្រោយនេះ ក៏ដូចការប្រកួតរាល់ថ្ងៃដែរ គឺទូកទាំង១៤៨គូ តម្រូវឲ្យប្រកួតទាំងអស់ឡើងវិញតែម្តង ដោយ១ថ្ងៃត្រូវអុំប្រកួត២ជើង។ លោកថា ទូកដែលឈ្នះ២ថ្ងៃ ត្រូវប្រកួតជាមួយទូកឈ្នះ២ថ្ងៃដូចគ្នា ទូកឈ្នះ១ថ្ងៃត្រូវប្រកួតជាមួយទូកឈ្នះ១ថ្ងៃដូចគ្នា ហើយទូកចាញ់ ត្រូវប្រកួតជាមួយទូកចាញ់ដូចគ្នាដែរ។
ជាមួយគ្នានេះ ទូកដែលនឹងត្រូវទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ជាដើម មិនកំណត់ចំនួននោះទេ គឺអាស្រ័យនឹងចំនួន ទូកដែលឈ្នះជាក់ស្តែង។ សូមរង់ចាំទាំងអស់គ្នាថា តើទូកមកពីបណ្តាខេត្តណាខ្លះ ដែលអាចយកកិត្តិយសជូន អ្នកស្រុកភូមិរបស់ខ្លួន ពីព្រះរាជពិធីបុណ្យជាតិ ជាប្រវត្តិសាស្ត្រនេះ៕