(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានសំរាមកើនឡើងជិត២ដងបើធៀបនឹងថ្ងៃទី១។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា បើទោះបីជាបុគ្គលិកបោសសម្អាត និងប្រមូលសំរាម ត្រូវបោសសម្អាត ចាប់ពីម៉ោង ១២៖០០យប់ រហូតដល់ម៉ោង ៧៖៣០ព្រឹក ក្តី ពួកគាត់នៅតែខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបានបរិស្ថាន សោភ័ណភាព និងសម្រស់ទីក្រុងស្រស់ស្អាត ដើម្បីទទួលស្វាគមន៍បងប្អូននៅថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨នេះ។
សូមជម្រាបថា ដើម្បីចូលរួមថែរក្សាសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យ និងបរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយស្នើឲ្យបងប្អូន ជាម្ចាស់ស្ដង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ដ្រី និងអ្នកលក់ដូរទាំងអស់ ត្រូវមានធុង ឬថង់សម្រាប់ទុកដាក់សំរាម ដែលកើតមានពីអាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
ដោយឡែកចំពោះបងប្អូន ដែលជាកីឡាករប្រណាំងទូក និងប្រជាពលរដ្ឋ ដែលមកលេងកំសាន្ដទាំងអស់ ក៏សូមមេត្ដាជួយថែរក្សាអនាម័យ ដោយត្រូវវេងខ្ចប់ទុកដាក់សំណល់សំរាមរបស់ខ្លួន នៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវផងដែរ៕