(សៀមរាប)៖ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ កំពុងទទួលបានការចូលរួមទស្សនាពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនសិបម៉ឺននាក់នោះ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅខេត្តសៀមរាបឯណោះ ក៏ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៣៣ម៉ឺននាក់ផងដែរ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរ ៣៣១,៨៩៦នាក់ មានភ្ញៀវបរទេសមានចំនួន ៣២,៨៩៦នាក់ កើនឡើង ២.៩៩% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ ចំណែកភ្ញៀវជាតិមានចំនួនជាង ២៩ម៉ឺននាក់ កើនឡើង ១៩.៦% ។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឱ្យដឹងថា នាពិធីបិទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅខេត្តសៀមរាប នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះថា អាជ្ញាធរខេត្តសៀមរាប ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ននានា បានធ្វើឱ្យមានការរីកចម្រើននូវជីវភាពប្រជាពលរដ្ឋ តាមរយៈការធ្វើវិនិយោគលើវិស័យសាធារណៈជាច្រើន រួមចំណែកឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០។
លោកបញ្ជាក់ថា ការរីកចម្រើននៃជីវភាពរបស់ប្រពលរដ្ឋនៅខេត្តសៀមរាប ដែលបានកត់សម្គាល់ឱ្យឃើញថា អត្រានៃភាពក្រីក្រពី ៤២.២% ក្នុងឆ្នាំ២០០៤ បានថយចុះមកនៅត្រឹម ២១.១៦% ក្នុងឆ្នាំ២០១៨ និងប្រាក់ចំណូលជាមធ្យមក្នុងមួយឆ្នាំ សម្រាប់មនុស្សម្នាក់ៗប្រមាណ ១,០០០ដុល្លារ ក្នុងឆ្នាំ២០១១ កើនដល់ ១ ៤៤៦.២ដុល្លារ ក្នុងឆ្នាំ២០១៧។
ការធានាសន្តិសុខក្នុងខេត្តបានល្អប្រសើរ បង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចដើរហើរគ្រប់ច្រកល្ហកគ្រប់ពេលវេលា និងប្រករបរដោយសុវត្ថិភាព។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត ដែលបង្កលក្ខណៈងាយស្រួល បង្កើនផលិតកម្ម កសិកម្ម និងជួយកាត់បន្ថយការចំណាយថវិកា ក្នុងការដឹកជញ្ជូនរបស់ប្រជាកសិករ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅក្នុងខេត្ត។
លោកបានបន្ដឱ្យដឹងថា ពិពិធកម្មការងារ គឺបានបង្កើតឱកាសការងារបានច្រើនសម្រាប់ប្រជាពលរដ្ឋ ដែលមុនឆ្នាំ១៩៩៨ ប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម ហើយក្រោយពីទទួលបានសន្តិភាពពេញលេញ ខេត្តសៀមរាបបានអភិវឌ្ឍន៍ជាបន្តបន្ទាប់លើវិស័យនានា ដូចជា វិស័យសំណង់ វិស័យសិប្បកម្ម ជាពិសេសវិស័យទេសចរណ៍ ដែលបានបង្កើតការងារក្នុងផ្នែកសេវាកម្មទេសចរណ៍ ជាឱកាសការងារមួយផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋ ក្រៅពីវិស័យកសិកម្ម ដូចជា ការងារតាមសណ្ឋាគារ ផ្ទះសំណាក់ មណ្ឌល់កម្សាន្ត ទីភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន ផ្សារទំនើប ហាងវត្ថុអនុស្សារីយ៍ ក៏ដូចជាការផ្គត់ផ្គង់ បន្លែ ផ្លែឈើ ព្រមទាំងធ្វើសិប្បកម្មសូត្រ ក្រមា កន្សែង រូបចម្លាក់នានា ដែលជាវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរ។
ការអភិវឌ្ឍធនធានមនុស្ស តាមរយៈផ្តល់នូវការអប់រំចំណេះដឹង និងជំនាញវិជ្ជាជីវៈផ្សេងៗដល់សិស្ស និស្សិត និងប្រជាពលរដ្ឋ ដើម្បីផ្តល់នូវភាពងាយស្រួលស្វែងរកឱកាសការងារ និងជាទុននៃគំនិតក្នុងការអភិវឌ្ឍមុខរបរអាជីវកម្ម និងវិនិយោគផ្សេងៗ៕