(មណ្ឌលគិរី)៖ ដោយសារស្រុកទេសកើតមានសង្គ្រាមកាលពីទសវត្សរ៍ឆ្នាំ៧០ បានបង្ខំឱ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី រត់ភៀសខ្លួនទៅជ្រកកោននៅប្រទេសវៀតណាមមួយរយៈ លុះដល់ឆ្នាំ១៩៨៦ ពួកគាត់ក៏ត្រឡប់មកស្រុកកំណើតវិញ ដោយនាំទាំងដំណាំកាហ្វេ និងចំណេះចេះដាំកាហ្វេ និងដំណាំមួយចំនួនទៀតពីវៀតណាមមកផងដែរ។
រឿងរ៉ាវទាំងនេះ ត្រូវបានរៀបរាប់ដោយលោកពូ ញឹម សាលី ជនជាតិព្នងរស់នៅភូមិពូត្រែង នៃឃុំដាក់ដាំ ដែលលោកពូក៏ជាអ្នករត់ភៀសខ្លួនពីសង្គ្រាម ឆ្លងទៅវៀតណាមជាមួយប្រជាពលរដ្ឋដទៃទៀតផងដែរ។ ការរៀបរាប់របស់លោកពូ សាលី ត្រូវបានធ្វើឡើងនៅពេលដែលក្រុមអ្នកសារព័ត៌មានចំនួន ៩ស្ថាប័ន ចុះទៅទស្សនកិច្ចរួមគ្នានៅចម្ការសរីរាង្គក្នុងឃុំដាក់ដាំ នៃស្រុកអូររាំង នាចុងសប្ដាហ៍មុន តាមរយៈការដឹកនាំរបស់អង្គការ CEDAC។
ឃុំដាក់ដាំ ស្រុកអូររាំង មានទីតាំងនៅជាប់ព្រំដែនកម្ពុជា-វៀតណាម រវាងខេត្តមណ្ឌលគិរី-ខេត្តយ៉ាង៉ា Gia Nghia (បើមើលនៅលើផែនទីប្រទេសកម្ពុជា ឃុំដាក់ដាំស្ថិតនៅត្រង់ចំណុចច្រមុះទន្សាយ) ហេតុដូច្នេះហើយទើបបានជាប្រពលរដ្ឋនៅទីនោះ មានឱកាសអាចរត់គេចពីសង្គ្រាមបានទាន់ពេលវេលា ខណៈនៅក្នុងប្រទេសកម្ពុជាកើតមានចម្បាំងរាំងជល រវាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ជាមួយកងទ័ពប្រល័យពូជសាសន៍ខ្មែរក្រហម។
លោកពូ សាលី បានរៀបចំបន្តថា ក្នុងពេលរត់ភៀសខ្លួនទៅប្រទេសវៀតណាម នាអំឡុងឆ្នាំ១៩៧០នោះ ប្រជាពលរដ្ឋជនជាតិដើមភាគតិច ចេះដាំដំណាំមួយចំនួនតាមជនជាតិវៀតណាម ពិសេសគឺដំណាំកាហ្វេ ដែលកំពុងពេញនិយមក្នុងការដាំដុះនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា។
លោកពូ សាលី បានបន្តទៀតថា លុះដល់ត្រឡប់មកស្រុកភូមិវិញ នៅអំឡុងឆ្នាំ១៩៨៦ អ្នកភូមិបានយកដំណាំកាហ្វេ និងដំណាំមួយចំនួនទៀតមកដាំដុះនៅក្នុងភូមិឋានរបស់ខ្លួន ឬតាមក្រោយផ្ទះយ៉ាងច្រើន រហូតដល់ពេលក្រុមមន្ត្រីរបស់អង្គការ UNTAC ចូលទៅដល់ទីនោះ ពួកគេបានលើកសរសើរអ្នកឃុំដាក់ដាំយ៉ាងខ្លាំង ដែលចេះដាំដំណាំ និងបន្លែបង្ការជាច្រើនសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
រហូតមកបច្ចុប្បន្ន ដើមកាហ្វេធំៗមួយចំនួនមានអាយុរហូតដល់ទៅជាង ៣០ឆ្នាំ ប៉ុន្តែដើមការហ្វេចំណាស់ៗទាំងនោះ ក៏ត្រូវបានអ្នកភូមិកាប់ចោលមួយចំនួនធំផងដែរ ពោលគឺនៅសេសសល់តែប៉ុន្មានដើមប៉ុណ្ណោះ ដែលដើមនីមួយៗធំខ្ពស់ផុតក្បាល បែកមែកសាខាប្រក់ម្លប់ត្រឈៃ។
លោកពូ ញឹម សាលី បានបញ្ជាក់ថា ពូជកាហ្វេទាំងនេះអ្នកខ្លះគេហៅឈ្មោះថា «កាហ្វេបុរាណ» អ្នកខ្លះហៅឈ្មោះថា «កាហ្វេមីត» ដែលប្រជាពលរដ្ឋនិយមដាំ និងបរិភោគច្រើនណាស់ តាំងពីសម័យអាណានិគមនិយមបារាំង និងសម័យសង្គមរាស្ត្រនិយម ពីព្រោះវាផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព៕