(ភ្នំពេញ)៖ ក្នុងរយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទទួល និងបញ្ជូនជនអានាថា ជនបាត់បង់ស្មារតី អ្នកញៀនគ្រឿងញៀន ជនរងគ្រោះ ជនងាយរងគ្រោះ ចំនួន១៣នាក់ ភាគច្រើនមានសតិមិនគ្រប់ដែលបានដើរ អង្គុយ និងដេកតាមចិញ្ចើមផ្លូវ តាមសំយ៉ាបផ្ទះ និងសួនច្បារអត់បាយក្រហាយទឹក ដើម្បីយកទៅរកសេវា ការស្នាក់នៅសមរម្យ និងបន្តជួយស្តារនីតិសម្បទា និងផ្ដល់ជំនាញវិជ្ជាជីវៈ បន្តធ្វើសមាហរណកម្មឲ្យទៅស្រុកកំណើតវិញ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញនេះ មន្ត្រីរបស់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទទួលបញ្ជូន និងសង្គ្រោះជនអានាថា ជនបាត់បង់ស្មារតី អ្នកញៀនគ្រឿងញៀន ជនរងគ្រោះ ជនងាយរងគ្រោះ មានចំនួន១៣នាក់ (ស្រី០៦នាក់) ក្នុងនោះ កុមារចំនួន០៣នាក់ ដើម្បីទទួលសេវាព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តោះអាសន្ន និងស្វែងរកគ្រួសារ ដើម្បីធ្វើសមាហរណកម្ម រយៈពេល០៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក។
ប្រធានមន្ទីររូបនេះ បានឲ្យដឹងទៀតថា ការទទួលនេះ គឺចង់ឲ្យពួកគាត់មានការរស់នៅជីភាពបានប្រសើរឡើង រួមទាំងការចូលរួមផ្សព្វផ្សាយពីតំលៃនៃពលកម្ម ហានីភយ័ពីជនចំណាកស្រុកប្រថុយប្រថាន និងការទទួលបាននូវជំនាញជាក់លាក់ ដើម្បីប្រកបមុខរបប ពិតប្រាកដ និងអប់រំ ស្ដារនីតិសប្បទា ព្រមទាំងផ្ដល់ជំនាញវិជ្ជាជីវៈ រួចធ្វើសមាហរណកម្មឲ្យទៅស្រុកកំណើតវិញ។
លោកស្រីបន្តថា ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនេះ មន្ទីរសង្គមកិច្ច បានធ្វើការបែងចែកកម្លាំងជាក្រុម នៃតំបន់ព្រះរាជពិធីដើម្បីរងចាំទទួល និងជួយសង្គ្រោះដោយធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងវិធានការអនុវត្តតាមផ្លូវច្បាប់ ចំពោះមេខ្យល់ និងជនខិលខូច ដែលញុះញុង ជួញដូរកម្លាំងពលកម្មដល់ជនរងគ្រោះ ជនងាយរងគ្រោះ និងអំពាវនាវឲ្យមានការចូលរួមទូលំទូលាយពីគ្រប់ស្ថាប័នពាក់ពន្ធនានាផងដែរ៕