(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោក សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ រួមទាំងអនុប្រធាន ព្រះរាជអាជ្ញារង ចៅក្រម រួមទាំងមន្រ្តីទាំងអស់នៃសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត សូមផ្ញើសាររំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត
ចំពោះមរណភាព មហាឧបាសិកា លី គឹមអូន ត្រូវជាមាតាក្មេករបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូលកម្ពុជា ដែលបានទទួលមរណភាព នាថ្ងៃទី២១ ខែវិច្ឆិកា ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។
សាររំលែកទុក្ខរបស់លោក សុខ កល្យាណ និងលោក សៀង សុខ បានរៀបរាប់៖ «យើងខ្ញុំទាំងអស់គ្នា មានសេចក្តីក្រៀមក្រំជាទីបំផុត ប្រកបដោយមនោសញ្ចេតនាសោកស្តាយ អាឡោះអាល័យ ចំពោះមហាឧបាសិកា លី គឹមអូន ត្រូវជាមាតាក្មេករបស់ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូលកម្ពុជា ដែលបានទទួលមរណភាព នាថ្ងៃទី២១ ខែវិច្ឆិកា ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់មហាឧបាសិកា លី គឹមអូន គឺជាការបាត់បង់នូវមាតា ជីដូន ជាទីគោរពស្រឡាញ់ និងជាទីគោរពស្រឡាញ់ និងជាវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្តបីបាច់ថែរក្សាបុត្រា បុត្រី ឲ្យក្លាយជាឥស្សរជនដ៏ឆ្នើមរបស់ជាតិ។ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា លី គឹមអូន សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជំរាបថា សពមហាឧបាសិកា លី គឹមអូន ត្រូវបានតម្កល់ និងធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលោក ឌិត មុន្ទី លេខ៤៤ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងបរិវេណក្រសួងព័ត៌មាន។ សពនឹងត្រូវដង្ហែចេញពីគេហដ្ឋាន នៅថ្ងៃទី២៥ ខែវិច្ឆិកា វេលាម៉ោង៥៖៣០នាទីព្រឹក ទៅបញ្ចុះនៅភូមិទួលកណ្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕