(ភ្នំពេញ)៖ ដើម្បីធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ, កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ កម្លាំងនគរបាលប៉ុស្ដិ៍ឬស្សីកែវ និងកម្លាំងនគរបាលប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ដែលក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ នៅតែបន្តបង្ក្រាបចំពោះក្រុមជនសង្ស័យលួចឆ្កិះកាច់កសោរម៉ូតូ និងប្រើប្រាស់គ្រឿងញៀន ចំនួន៤នាក់ ក្នុង៤គោលដៅ និង៤ករណីផ្សេងគ្នា នៅក្នុងប្រតិបត្តិការស្រាវជ្រាវ រហូតបង្ក្រាបជាក់ស្ដែងទាំងយប់ និងនៅពេលរាត្រី តាំងពីថ្ងៃទី២១ មកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក គល់ យី បានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបឃាត់ខ្លួនបានទី១៖ឈ្មោះ ចាន់ តឹង អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រុម៨ តាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសងែ្កទី១ ខណ្ឌឬស្សីកែវ និងមានសារធាតុញៀនក្នុងខ្លួន ដោយក្នុងនោះដកហូតបានដែកចុងស្រួច សម្រាប់ឆឹ្កះសោរម៉ូតូ ចំនួន០១ រួមជាមួយកូនកន្ត្រៃ និងសោរម៉ូតូផងដែរ (ពាក់ព័ន្ធលួចឆ្កឹះសោរតូបលក់ដូរប៉ុនប៉ងលួចទ្រព្យសម្បតិ្តប្រជាពលរដ្ឋ នាវេលាទាបភ្លឺ) មានជនរងគ្រោះឈ្មោះ ម៉ៃ ប៊ុននី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ដែលជាករណីទី១ បានធ្វើឡើងនៅវេលាទាបភ្លឺ ស្ដីពីលទ្ធផលបង្ក្រាបជាក់ស្ដែង។
លោកអធិការខណ្ឌឬស្សីកែវបន្តថា ជនសង្ស័យដែលបង្ក្រាបឃាត់ខ្លួនបានទី២៖ឈ្មោះ សល់ ពិសិដ្ឋ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាអ្នកប្រើប្រាស់គ្រឿងញៀន និងដកហូតបានក្រាមពណ៌សថា្ល ចំនួន០១កញ្ចប់តូច ជាមួយឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ក្រោយបញ្ចប់ការស៊ើបអង្កេត ក្នុងករណីទី២ ដែលបានធ្វើឡើងនៅពេលព្រឹក។
ជនសង្ស័យដែលបង្ក្រាបឃាត់ខ្លួនបានទី៣៖ឈ្មោះ លី ហ៊ុនង៉ា អាយុ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងជាប្រើប្រាស់នូវសារធាតញៀន ដោយក្នុងប្រតិបត្តិការបង្ក្រាបជាក់ស្ដែងនោះ ក្នុងករណីទី៣ ពុំមានសម្ភារដកហូតនោះទេ និងបានធ្វើឡើងនៅវេលារំលងអាធ្រាត្រ។
លោក គល់ យី បានបញ្ជាក់ទៀតថា ជនសង្ស័យដែលបង្ក្រាបឃាត់ខ្លួនបានទី៤៖ឈ្មោះ អ៊ូ ចាន់សម្បត្តិ ហៅអាពេជ្រ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវលំ ក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងមានសារធាតុញៀន ស្ដីពីលទ្ធផលអនុញ្ញាតឲ្យស្រាវជ្រាវពី លោកព្រះរាជអាជ្ញារង អ៊ុ សុភក្តី ដើម្បីឈានដល់ការបង្ក្រាបករណីទី៤ និងតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ មី ស៊ូដាណែត ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រួមជាមួយសាក្សីផងដែរ បានបាត់ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្សីគីនិច ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០១៨ តាំងរសៀលថ្ងៃទី១៧ ខែតុលាមកម្លេះ។
បើតាមអធិការនគរបាលខណ្ឌឬស្សីកែវ ចំពោះជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ដែលបង្ក្រាបដកហូតបាន ក្នុង៤គោលដៅ និង៤ករណីផ្សេងគ្នា បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕