(ភ្នំពេញ)៖ «ចុងបញ្ចប់ វាមិនមែនជាការដែលត្រូវជ្រើសរើសមិត្តនេះឬមិត្តនោះទេ ពោលគឺជាការជ្រើសរើសប្រយោជន៏ជាតិទៅវិញទេ ទើបជាការត្រឹមត្រូវ... ជាគោលការណ៏កម្ពុជាស្វាគមន៏គ្រប់មិត្តទាំងអស់» ប្រយោគសំខាន់មួយឃ្លានេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ អ្នកនយោបាយ ប្រធានក្រុមហ៊ុនធំៗ សាស្រ្តាចារ្យល្បីៗជាច្រើនរូបនៅក្នុង វេទិកាសន្និសីទអន្តរជាតិមួយស្តីពី «អាស៉ីក្នុងភាពប្រែប្រួល៖ កម្ពុជា និងអាស៊ាន» ដែលរៀបចំឡើងដោយសារព័ត៌មានដ៏ល្បីរបស់ថៃ Bangkok Post នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមប្រមាណ៥០០នាក់ នាទីក្រុងបាងកក ប្រទេសថៃ។
ការលើកឡើងនូវចម្លើយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា និងជាកូនប្រុសរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា ខាងលើនេះ ឆ្លើយតបនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី សឹង្ហបុរី ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នាពេលថ្មីៗនេះថា «អាស៊ានប្រហែលជាត្រូវដល់ចំណុចមួយ ដែលត្រូវជ្រើសរើសមហាអំណាចណាមួយ រវាងមហាអំណាចទាំងពីរគឺ ចិន និងអាមេរិក»។
លោក ហ៊ុន ម៉ានី បានបង្ហាញខ្លឹមសារតាមរយៈ Facebook ផ្លូវការរបស់លោកនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «នៅក្នុងសាលសន្និសីទ ដែលមានមនុស្សប្រមាណ៥០០នាក់ ដែលសុទ្ធសឹងតែជាអ្នកនយោបាយ ប្រធានក្រុមហ៊ុនធំៗ សាស្រ្តាចារ្យល្បីៗ ខ្ញុំបាននិយាយយឺត និងច្បាស់ៗពីការយល់ ឃើញរបស់ខ្ញុំចំពោះដំណើរវិវឌ្ឍរបស់កម្ពុជា (ជាលក្ខណ:ដោយឡែក) និងអាស៊ាន (ជារួម)។
បាឋកថារបស់ខ្ញុំ បានបញ្ចប់ជាមួយនឹងសំឡេងសាទរ មុនពេលចូលដល់វគ្គសំណួរ និងចម្លើយ។ សំណួរមួយក្នុងចំណោមសំណួរជាច្រើនទៀត បានលើកឡើងពីចំណុចក្នុងបាឋកថា ដែលខ្ញុំបានដកស្រង់សំដីលោកនាយករដ្ឋមន្រ្តីសឹង្ហបុរី ថ្លែងក្នុងពេលថ្មីៗនេះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ថា «អាស៊ានប្រហែលជាត្រូវដល់ចំណុចមួយដែលត្រូវជ្រើសរើស មហាអំណាចណាមួយ រវាងមហាអំណាចទាំងពីរគឺ ចិន និងអាមេរិក»។ សំណួរនោះគឺមានបំណងចង់ដឹងពីជំហរផ្ទាល់ខ្លួនរបស់ខ្ញុំទាក់ទឹននឹងបញ្ហានេះ។ ជាការឆ្លើយតបខ្ញុំបានលើក ឡើងថា "ចុងបញ្ចប់ វាមិនមែនជាការដែលត្រូវជ្រើសរើសមិត្តនេះ ឬមិត្តនោះទេ ពោលគឺជាការជ្រើសរើសប្រយោជន៏ជាតិទៅវិញទេ ទើបជាការត្រឹមត្រូវ... ជាគោលការណ៏ កម្ពុជាស្វាគមន៏គ្រប់មិត្តទាំងអស់"។ ខ្ញុំក៏ឆ្លើយបានច្បាស់ដែរចំពោះសំណួរនេះ។ សូមរង់ចាំតាមដានវីដេអូនៃបាឋកថារបស់ខ្ញុំ នៅពេលបន្ទាប់»។
លើសពីនោះទៅទៀត នៅក្នុងបបាឋកថារបស់លោក ហ៊ុន ម៉ានី ក្នុងវេទិការអន្តរជាតិនោះ បានផ្តោតសំខាន់លើបីចំណុច៖ ១). ដំណើរវិវឌ្ឍរបស់កម្ពុជា ក្រោយពីរបបប្រល័យពូជសាសន៍ ២). កម្ពុជាក្នុងបរិបទអាស៊ាន៖ ឱកាស និងតួនាទីកម្ពុជាក្នុងតំបន់ និង ៣). តើថ្នាក់ដឹកនាំអាស៊ាន (ថ្នាក់ដឹកនាំជំនាន់ក្រោយ) ត្រូវធ្វើយ៉ាងណាដើម្បីត្រៀមខ្លួនទទួលយកការផ្លាស់ប្តូរ ជាពិសេសក្នុងសេដ្ឋកិច្ចឌីជីថល និងវិស័យបច្ចេកវិទ្យាព័ត៌មាន។
ពិសេសទៀតនោះលោក ហ៊ុន ម៉ានី បានផ្តោតសំខាន់លើសមត្ថភាពថ្នាក់ដឹកនាំជំនាន់ក្រោយ ក្នុងការយល់ច្បាស់ពីទំហំនៃការផ្លាស់ប្តូរនាថ្ងៃអនាគត ត្រៀមខ្លួន (ក៏ដូចជាគោលនយោបាយ) ក្នុងការទទួលយកការផ្លាស់ប្តូរ (និងកែប្រែការផ្លាស់ប្តូរទាំងនោះឲ្យមានភាពវិជ្ជមាន) និងបន្តធ្វើការជាក្រុម (ASEAN Centrality) ដោយផ្តោតទៅលើចំណុចអាទិភាពរួម ដែលជាប្រយោជន៏របស់តំបន់ (ប៉ុន្តែបន្តគោរពភាពផ្សេងគ្នាដែលមាននៅក្នុងប្រទេសដែលជាសមាជិកនីមួយៗ)។
នៅចុងបញ្ចប់នៃបាឋកថារបស់លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ឲ្យអស់លទ្ធភាពនូវអ្វីដែលយើងកំពុងមាន បង្កើតចំនុចអាទិភាពក្នុងការអនុវត្តសម្រាប់ថ្ងៃអនាគត សិក្សាលើលទ្ធភាព និងជម្រើសដែលមានលក្ខណ:ប្រសើរ។ ពិតណាស់ ការទស្សទាយពីអនាគតដ៏ត្រឹមត្រូវមួយ ពឹងផ្អែកសំខាន់លើអ្វីដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ន ប៉ុន្តែការសម្រេចបាននូវអនាគតដ៏ត្រចះត្រចង់នោះទាមទារនូវការយល់ពីអ្វីដែលខ្លួនកំពុងមាន ដែលជាលទ្ធផលនៃអតីតកាល៕