(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសំណូមពរប្រជាពលរដ្ឋ ចូលរួមថតរូបភាពស្អាតៗ អំពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក៏ដូចជាសកម្មភាពសប្បាយរីករាយ ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរបរទេស ឲ្យបានមកទស្សនាកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «សូមពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមថតរូបភាពល្អៗស្អាតៗអំពីពិធីបុណ្យ ក៏ដូចជាសកម្មភាពសប្បាយរីករាយ ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរបរទេស ឲ្យបានមកទស្សនាកម្ពុជាផងដែរ។ កម្ពុជាត្រូវការការចូលរួម ពីបងប្អូនប្រជាពលរដ្ឋ ដែលមិនអាចខ្វះបានឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូកនេះ បងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី ទេសចរជាតិ ទេសចរបរទេស ជាច្រើនបានមកដល់ទីបរិវេណប្រណាំងទូក នាមាត់ទន្លេមុខព្រះបរមរាជវាំង ប្រកបដោយទឹកមុខញញឹមស្រស់ថ្លា។ ពិធីបុណ្យដ៏អធិកអធម រួមទាំងមានស្តង់ពិពណ៌ទំនិញគ្រប់ប្រភេទ និងមានការប្រគំតន្ត្រី គឺបានទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនមកទស្សនាផ្ទាល់នៅទីនេះ។
នេះក៏ជាឱកាសដ៏ល្អសម្រាប់ប្រទេសជាតិ ដើម្បីផ្សព្វផ្សាយនូវសិល្បៈវប្បធម៍ខ្មែរប្រពៃណីជាតិដ៏ល្អឯក ដើម្បីពិភពលោកកាន់តែស្គាល់កម្ពុជា និងម៉្យាងវិញទៀត គឺទាក់ទាញទេសចរបរទេស កាន់តែច្រើនមកពីគ្រប់ទិសទីផងដែរ។ សម្តេចសូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយនៅក្នុងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូកទាំងអស់គ្នា៕