(បន្ទាយមានជ័យ)៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រោមការចង្អុលបង្ហាញពីលោករដ្ឋមន្ដ្រី លឹម គានហោ បានផ្ដល់ម៉ាស៊ីនបូមទឹកអចល័តស៊ុនសែន ចំនួន២ទីតាំង សម្រាប់ដំឡើងដើម្បីសហគមន៍កសិករប្រើប្រាស់ស្រោចស្រព ស្ថិតនៅឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ជាក់ស្ដែង ដើម្បីប្រសិទ្ធភាពការងារនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ស៊ីន វុទ្ធី រដ្ឋលេខាធិការប្រចាំការ របស់ក្រសួងធនធានទឹក និងឧតុនិយម និងលោក ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះពិនិត្យ និងសិក្សាលទ្ធភាពជាក់ស្តែងដល់ទីតាំង ដើម្បីដំឡើងស្ថានីយបូមទឹក ស្ថិតនៅឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងការផ្ដល់ផលងាយស្រួលដល់ប្រជាកសិករនេះ ក៏ទទួលបានការស្វាគមន៍ និងអបអរសាទរពីសហគមន៍កសិករប្រើប្រាស់ទឹក និងអ្នកទទួលផលទាំងអស់នៅក្នុងតំបន់ជាច្រើនផងដែរ៕