(ភ្នំពេញ)៖ យោងតាមការវាយតម្លៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញថា អ្នកចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ គឺមួយថ្ងៃៗចន្លោះពី៥០ទៅ៦០ម៉ឺននាក់ ហើយក៏អាចនឹងកើនឡើងថែមទៀត ដូច្នេះការគ្រប់គ្រងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅពិតជាមានសារសំខាន់ខ្លាំងណាស់។
ការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ក៏ជាក្តីបារម្ភមួយរបស់រាជរដ្ឋាភិបាលផងដែរ ប៉ុន្តែក្រសួងស្ថានប័នពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានរៀបចំផែនការយ៉ាងលំអិត លើកិច្ចការពារសន្តិសុខជូនព្រះរាជពិធីនេះយ៉ាងល្អប្រសើរ ក្នុងនោះកងកម្លាំងសមត្ថកិច្ចជាង១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយការពារគ្រប់គោលដៅដែលបានបែងចែកជូនទាំងយប់ទាំងថ្ងៃ មិនឲ្យមានការថ្លោះធ្លោយនោះទេ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ចរហូតដល់ជាង១ម៉ឺននាក់ ត្រូវដាក់ពង្រាយនៅតាមតំបន់ A B និងC ក្នុងនោះកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់ជាង៨ពាន់នាក់ ដើម្បីការពារព្រះរាជពិធីមួយនេះ៕