(តាកែវ)៖ លោក ហោ ហយ ដែលជាប្រធានភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ រួមជាមួយប្រជាពលរដ្ឋ បានលើកដៃសំពះទទូចដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ជួយផ្តល់ផ្លូវ និងស្ពានមួយខ្សែរដល់ពួកគាត់ផង ខណបច្ចុប្បន្ននេះ ការធ្វើដំណើរកំពុងជួបវិបត្តិ ជាពិសេសក្មេងៗសិស្សសាលាទៅរៀនសូត្រមានការលំបាកខ្លាំងណាស់។
លោក ហោ ហយ ព្រមទាំងជាពលរដ្ឋ បានទទូចយ៉ាងដូច្នេះថា ពួកគាត់កំពុងជួបការលំបាកជាពិសេសសិស្សសាលាដែលត្រូវទៅរៀនសូត្រ ត្រូវធ្វើដំណើរឆ្លងទូកឆ្លងទឹក ហើយផ្លូវក៏មានការលំបាកទៀត ស្ពានក៏បាក់ផ្លូវក៏លំបាក និងម្យ៉ាងវិញទៀត ពួកគាត់មានការព្រួយបារម្ភពេលធ្វើដំណើររបស់កូនៗចៅៗខ្លាចជួបគ្រោះថ្នាក់ ឬលង់ទឹកបាត់បង់អាយុជីវិតទៀតផង។
ដូច្នេះពួកគាត់បានទទូចស្នើសុំដល់អភិបាលខេត្តតាកែវ មេត្តាជួយដល់ពួកគាត់ផ្តល់ឲ្យមានផ្លូវ និងស្ពាននៅក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដែលកំពុងខូចខាតបាកបែកនៅពេលនេះឲ្យបានឆាប់ៗនេះផង៕