(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានដាក់ចេញបទបញ្ជាដល់កងរាជអាវុធខេត្ត និងអភិបាលស្រុកព្រៃនប់ ឲ្យចុះបង្រ្កាបក្រុមអានាធិបតេយ្យប្រដាប់អាវុធមួយក្រុម ដែលបាននិងកំពុងរំលោភកាន់កាប់ដីធ្លី និងកាប់បំផ្លាញផលដំណាំ របស់ប្រជាពលរដ្ឋនៅចំនុចតំបន់កោះក្របី ភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានមេខ្លោងបញ្ជាពីក្រោយខ្នង។
ជាលទ្ធផល កងរាជអាវុធហត្ថ បានឃាត់ខ្លួនពួកអានាធិបតេយ្យនេះបានចំនួន០៧នាក់ និងបានដកហូតអាវុធចំនួន០២ដើម ព្រមទាំងសំភារៈបទល្មើសមួយចំនួនទៀត កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ចំពោះករណីនេះអភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យបញ្ជូនក្រុមនេះទៅកាន់តុលាការ ដើម្បីកាត់ទោសប្រសិនជារកឃើញថាល្មើសច្បាប់មែននោះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ មិនគាំទ្រដាច់ខាតរាល់អំពើល្មើសច្បាប់ទាំងឡាយ ជាពិសេសការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋខាងលើនេះ។
លោកអភិបាលខេត្ត ក៏បានព្រមានជាថ្មីទៀតចំពោះក្រុមអនាធិបតេយ្យទន្ទ្រានដីធ្លី រួមទាំងមេខ្លោងនៅពីក្រោយខ្នងទាំងអស់ ត្រូវដកខ្លួនចេញឲ្យឆាប់បើមិនចង់ជាប់ទោស។ ចាប់ពីពេលនេះទៅរដ្ឋបាលខេត្ត នឹងរិតបន្តឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ព្រោះកន្លងមកអប់រំណែនាំយូរណាស់មកហើយ តែអ្នកខ្លះហាក់មិនបានចូលរួមសហការសោះ។
មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ ក៏បានឲ្យដឹងផងដែរថា ករណីនេះកម្លាំងអាវុធហត្ថ បាននិងកំពុងបន្តនីតិវិធី ព្រមទាំងតាមស្វែងរកបក្ខពួកមេខ្លោងដែលនៅពីក្រោយខ្នងមកទទួលខុសត្រូវចំពោះមុខច្បាប់។
ប្រជាពលរដ្ឋដែលនៅតំបន់នោះបានឲ្យដឹងថា ក្រុមប្រដាប់អាវុធទាំងនេះ បានចូលមករំលោភយកដីធ្លី និងកាប់បំផ្លាញផលដំណាំរបស់ពួកគាត់ ព្រមទាំងគំរាមកំហែង ប្រសិនបើប្រជាពលរដ្ឋណាហ៊ានចេញមុខតវ៉ា។ មិនត្រឹមតែប៉ុណ្ណោះក្រុមប្រដាប់អាវុធទាំងនេះ ពេលខ្លះបាញ់បោះពេលយប់ ដែលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋទៀតផង។
ចំពោះប្រតិបត្តិការបង្ក្រាបក្រុមអានាធិបតេយ្យខាងលើនេះ ប្រជាពលរដ្ឋសាទរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់អភិបាលខេត្ត អភិបាលស្រុក និងកងរាជអាវុធខេត្ត កងរាជអាវុធហត្ថស្រុក ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់។ ក្នុងនោះប្រជាពលរដ្ឋ បានទទូចដល់អភិបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ឲ្យស្វែងរកមេខ្លោងដែលនៅពីក្រោយខ្នង ជនប្រដាប់អាវុធមួយក្រនេះឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕