(ភ្នំពេញ)៖ តារាសម្ដែង ស៊ីណាវ៉ាត់ត្រា ត្រូវបានគេសង្កេតឃើញថា លោកកំពុងតែទទួលបាននូវប្រជាប្រិយភាព យ៉ាងក្រាសក្រែលពីសំណាក់ទស្សនិកជន តាមរយៈការសម្ដែងភាពយន្ត ឬចម្រៀងកាយវិកាខារ៉ាអូខេ ជាដើម។ យ៉ាងណាមិញ តារាកំពុងតែល្បីឈ្មោះរូបនេះ បានបញ្ជាក់ប្រាប់ក្នុងសម្ដីដ៏ម៉ឺងម៉ាត់ថា ការរកស៊ីជួញដូរ ឬប្រកបមុខរបរអ្វីក៏ដោយ ឲ្យតែស្របច្បាប់ គឺគ្មានអ្វីត្រូវខ្មាស់អៀននោះទេ ទោះបីជាជំនួញនោះ ស្ថិតក្នុងរង្វង់សិល្បៈ ឬក្រៅសិល្បៈក្ដី ព្រោះជាកម្លាំងញើសឈាមរបស់យើងម្នាក់ ហើយក៏មិនបានទៅប្រព្រឹត្តិទង្វើអាក្រក់ អ្វីណាមួយ ឲ្យនរណាស្អប់ខ្ពើមនោះដែរ។
ជាការពិត កន្លងមកគេធ្លាប់តែឃើញ តារាស្រីល្បីៗមួយចំនួន បានរកស៊ីលក់ផលិតផល Cosmetic តាម Online ដូចជា ចន ច័ន្ទលក្ខិណា, ឌួង ហ្សូរីដា, លីលី, គង់ ច័ន្ទស្រីមុំ,ប៉ាច គីមមួយ, កែវ សីហា ,គឹម លីហ្សា, ទេព បូព្រឹក្ស ជាដើម ដែលក្រៅពីអាជីពសិល្បៈ ពួកគេសុទ្ធតែងាកទៅរកស៊ីលក់គ្រឿងរក្សារសម្រស់ ដើម្បីរកប្រាក់ចំណូលបន្ថែម ពីការថតសម្ដែង។ ដោយឡែកពេលនេះ តារាសម្ដែងប្រុសលោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ស្រាប់តែចាប់អារម្មណ៍មុខរបរនេះដែរ ដោយបោះទុនអស់ទឹកប្រាក់រាប់ពាន់ដុល្លារ នាំចូលផលិតផលរក្សារសម្រស់ ពីប្រទេសថៃ មកលក់សម្រាប់តម្រូវ ទាំងសុភាពបុរស និងនារី នៅក្នុងប្រទេសកម្ពុជា។
តារាសម្ដែងដែលមានប្រវត្តិកម្សត់ ធ្លាប់ទូលនំកងលក់ លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានអះអាងថា របរអ្វីក៏ដោយឲ្យតែស្របច្បាប់ គឺគ្មានអ្វីត្រូវខ្មាសអៀននោះទេ ព្រោះថា អាជីពសិល្បៈមិនស្ថិតស្ថេរឡើយ ហេតុនេះហើយបានជាគ្រប់គ្នា ស្រវ៉េស្រវ៉ារកមុខរបរក្រៅពីសិល្បៈ ដើម្បីជាលំនឹងមួយកុំឲ្យមានបញ្ហាលំបាក នៅពេលអនាគត។
លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា និយាយថា «ខ្ញុំបាននាំចូលផលិតផលរក្សាសម្រស់មកពីថៃ ដោយតំណាក់កាលដំបូង ត្រូវចាយលុយអស់ខ្ទង់៥ពាន់ដុល្លារ យកមកលក់ឃើញថា មានការគាំទ្រច្រើនគួរសមពីបងប្អូន ដែលកុម្មង់ទិញ ព្រោះវាជាផលិតផលសុទ្ធ មានឈ្មោះថា Tv brand។ សម្រាប់ផលិតផលទាំងនេះ គឺជារបស់សុទ្ធ (Original) ដែលកុម្មង់ទិញ ពីរោងចក្រផ្ទាល់ហើយមិនប៉ះពាល់ ដល់សុខភាពនោះទេ។ នៅថ្ងៃក្រោយប្រសិនបើមានការគាំទ្រច្រើន ខ្ញុំនឹងបើកហាងនៅទីតាំងមួយ នៅខេត្តបាត់ដំបង ព្រោះពេលនេះ យើងកំពុងរកកន្លែងហើយ»។
មហាជនបានលើកឡើងថា តាមពិតតារាប្រុសៗមួយចំនួន ដែលមានសាច់សខ្ចី មិនចាញ់ស្រីស្អាតៗនោះ ពួកគ៏ប្រើឡេដែរ អ៊ីចឹងហើយបានជាមានស្រីៗវ័យចំណាស់ មានទ្រព្យខ្លះជ្រួលជ្រើមតាមស្នេហ៍។ ដោយឡែកលោក ណាវ៉ាត់ត្រា វិញបានសារភាពថា លោកពិតជាបានប្រើប្រាស់ផលិតផល ដែលនាំយកមកលក់នៅពេលនេះមែន ដើម្បីជំនួយសម្រស់ ដែលមានពីធម្មជាតិស្រាប់៕