(ភ្នំពេញ)៖ រូបភាពប៉ុន្មានសន្លឹក របស់អ្នកបោសសម្អាតសំរាម ដែលត្រូវបានបង្ហាញលើ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងសារអប់រំ ដល់ប្រជាពលរដ្ឋដើរកម្សាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឲ្យចេះកែទម្លាប់ ពីការចោលសំរាមពាសវាលពាសកាល មកត្រឹមត្រូវឡើងវិញ។ សារមួយឃ្លា ដែលមានអត្ថន័យដាស់សតិអារម្មណ៍ ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យអាណិតអាសូរអ្នកបោសសម្អាតនោះគឺ «បរិស្ថានស្អាត ផ្តើមចេញពីយើងគ្រប់ៗគ្នា»។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «បើទោះបីជាត្រូវបោសសម្អាតចាប់ពីម៉ោង១២៖០០យប់ រហូតដល់ម៉ោង ៧៖០០ព្រឹកក្តី ពួកគាត់នៅតែខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបានបរិស្ថាន សោភ័ណភាព និងសម្រស់ទីក្រុងស្រស់ស្អាត ដើម្បីទទួលស្វាគមន៍បងប្អូននៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នេះ»។
សូមជម្រាបថា ខណៈសំរាមជាច្រើនសន្ធឹកសន្ធាប់ នៅរាយប៉ាយពាសពេញទីធ្លារប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអំពាវនាវដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រមទាំងបានទទូចដល់សប្បុរសជននានាគប្បីចូលរួមឧបត្ថម្ភដល់កម្មករប្រមូលសំរាម ដែលធ្វើការងារប្រមូលសំរាមក្នុងព្រះរាជពិធីនេះផង។
ទន្ទឹមនឹងការអំពាវនាវនេះ លោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លូនចំនួន ១លានរៀល ផងដែរ សម្រាប់ឧបត្ថម្ភដល់កម្មករប្រមូលសំរាម ដែលថវិកានោះលោកបានផ្ញើទុកនៅកន្លែងផ្សាយរបស់ក្រុមការងារទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅក្បែរព្រះអង្គដងទង់ ខាងមុខព្រះបរមរាជវាំង ដូច្នេះកម្មករប្រមូលសំរាមអាចទៅយកនៅទីនោះបាន។
ជាការពិតណាស់ ប្រជាពលរដ្ឋខ្មែរភាគច្រើន ក៏ដូចជាភ្ញៀវទេសចរមិនមានស្មារតីទទួលខុសត្រូវទាល់តែសោះចំពោះសំរាម និងកាកសំណល់ហូបចុករបស់ខ្លួន ក្នុងពេលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក ហើយនៅពិធីបុណ្យតូចធំ ឬក៏ការដើរទស្សនានៅកន្លែងនានា ក៏ពួកគេនៅតែមិនមានការទទួលខុសត្រូវនៅឡើយដែរ។
មួយវិញទៀត ក្នុងពេលប្រណាំងទូកនាឆ្នាំនេះ គេឮតែសំឡេងប្រកាសឧបត្ថម្ភសម្ភារ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កីឡាករអុំទូក ប៉ុន្តែដូចជាមិនទាន់ឮការប្រកាសឧបត្ថម្ភថវិកា សម្រាប់កម្មករប្រមូលសំរាមដែលកំពុងរាយប៉ាយដ៏ច្រើនអនេកនៅឡើយ។ រូបភាពមិនគប្បីជាច្រើន ដែលបង្ហាញពីកាកសំណល់សំរាមដាច់កន្ទុយភ្នែក ពិសេសនៅតាមមាត់ទន្លេ មិនសមគ្មានអ្នកឃើញ ឬមិនសមគ្មានអ្នកគិតគូរឡើយ៕