(កំពង់ស្ពឺ)៖ រដ្ឋបាលស្រុកថ្ពង បានរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ បង្ហាញអំពីភាពស៉ីវិល័យហ៊ឺហារ។ ពិធីនេះបា្ររព្ធលើខ្នងទំនប់អន្លង់ជ្រៃឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ស្រុកថ្ពង ដែលគេស្គាល់ថា ជាស្រុកមួយក្រីក្រ និងជាស្រុកមួយដាច់ស្រយាលរបស់ខេត្តកំពង់ស្ពឺ នាពេលកន្លងមក តែផ្ទុយទៅវិញ ក្រោមការដឹងនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រែក្លាយស្រុកមួយនេះ មានផ្លូវ ភ្លើង មណ្ឌលសុខភាព ផ្សារ សាលារៀន និងហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង ជាហេតុធ្វើឲ្យជីវភាពពលរដ្ឋ ធូរធាពីមួយថ្ងៃទៅមួយថ្ងៃ។
ពេលនេះទៀត រដ្ឋបាលស្រុកថ្ពង បានរៀបចំកម្មវិធីការប្រណាំងទូករយៈពេល ២ថ្ងៃ ជូនប្រជាពលរដ្ឋបានសប្បាយរីករាយ កាត់បន្ថយបានភាពក្រីក្រ កាត់បន្ថយការចំណាយធ្វើដំណើរទៅកំសាន្តនៅរាជធានីភ្នំពេញ កាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកថ្ពង បានសប្បាយជិតផ្ទះ និងស្រុកដទៃទៀតដែលមានព្រំប្រទល់នៅជាប់ស្រុកមួយនេះ ព្រមទាំងបានបង្កើនប្រាក់ ចំណូលជូនក្រុមអាជីវករអ្នកលក់ដូរពេលយប់ទៀតផង។
លោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមឧបត្ថម្ភចំណុះទូក និងទូក ព្រមទាំងថវិកាមួយចំនួនទៀតសម្រាប់កម្មវិធី ដើម្បីបង្កើនភាពសប្បាយរីករាយ ជាមួយសប្បុរសជន ក្នុង និងក្រៅខេត្ត។
លោក សុខ ប៊ន អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ មុនពេលចាប់ផ្ដើមប្រណាំងទូក លោកបានសំណូមពរឲ្យក្រុមកីឡាករទាំងអស់ ត្រូវមានទឹកចិត្តជាអ្នកកីឡា កុំប្រើពាក្យសំដីមិនសមរម្យទៅលើចំណុះទូកដៃគូ នៅពេលដែលប្រកួតចាញ់។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។ សម្រាប់ឆ្នាំ២០១៨ ព្រះរាជពិធីបុណ្យជាតិនេះ ត្រូវបានប្រារព្ធឡើង ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា។
អំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យនេះទៀតសោត ក៏មានពិធី២ទៀតក្នុងនោះដែរ គឺពិធីប្រណាំងទូក និងពិធីបុណ្យអកអំបុក សំពះព្រះខែ។ ពិធីប្រណាំងទូក មានរយៈពេល៣ថ្ងៃតែម្តង ដែលពេលយប់មានការបណ្តែតប្រទីបផងដែរ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២តែប៉ុណ្ណោះ គឺនៅពាក់កណ្តាលរាត្រី នៃថ្ងៃ១៥កើត ខែកក្តិក៕