(ប៉ៃលិន)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ (KWDA) សហការជាមួយក្រុមចលនាយុវជនកម្ពុជា ក១៥៧ ប្រចាំសាខាខេត្ត នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចាប់ផ្តើមធ្វើការពិនិត្យ និងព្យាបាលសុខភាពមាត់-ធ្មេញ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលមានបញ្ហាមាត់ធ្មេញ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
លោក យិន សាំងហេង ប្រធានក្រុមចលនាយុវជនកម្ពុជា ១៥៧ ប្រចាំសាខាខេត្តប៉ៃលិន បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយឥតគិតថ្លៃ ដែលមានរយៈពេលចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយការព្យាបាលនេះប្រព្រឹត្តទៅ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ (KWDA) និងក្រុមចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ជួយដល់សុខមាលភាពប្រជាពលរដ្ឋ នៅខេត្តប៉ៃលិន ព្រោះបច្ចុប្បន្ននេះ នៅខេត្តប៉ៃលិនមានការខ្វះខាត ផ្នែកបច្ចេកទេសវិទ្យាសាស្រ្តមាត់ធ្មេញ និងសម្ភារមិនទាន់ទំនើបសំបូរបែបនៅឡើយ។ ដូច្នេះនៅពេលនេះបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញ ប្រទេសកូរ៉េ ជួយព្យាបាលដល់ប្រជាពលរដ្ឋ គឺជាការជួយសម្រួលនូវបន្ទុកសេវាចំណាយ របស់ពួកគាត់បានមួយកម្រិត។
ទន្ទឹមនឹងនេះលោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ដែលមានបញ្ហាសុខភាពមាត់-ធ្មេញ សូមប្រញាប់មកទទួលយកនូវសេវាពិនិត្យ និងព្យាបាលផ្នែកមាត់-ធ្មេញរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ ឱ្យបានច្រើន និងទាន់ពេលវេលាផង។
សូមបញ្ជាក់ថា ចំនួន៥លើកមកហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ សហការជាមួយក្រុមចលនាយុវជនកម្ពុជា ប្រចាំសាខាខេត្តប៉ៃលិន បានមកពិនិត្យ និងព្យាបាលសុខភាពមាត់-ធ្មេញ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃ ចំនួនជាង១.៥០០នាក់៕