(ភ្នំពេញ)៖ ប្រទេសកម្ពុជានឹងបើកស្ថានទូតថ្មីរបស់ខ្លួន នៅទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Nebojsa Stevanovic រដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី។
ក្នុងឱកាសជំនួបនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោករដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី បានប្រគល់ជូននូវលិខិតរបស់ប្រធានាធិបតីស៊ែប៊ី ផ្ញើជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងបំណងអញ្ជើញសម្តេច ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅស៊ែប៊ី។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់សារជាថ្មីថា កម្ពុជានឹងបើកស្ថានទូតរបស់ខ្លួននៅទីក្រុងប៊ែលក្រាដ ហើយលោកផ្ទាល់ នឹងបំពេញទស្សនកិច្ចនៅប្រទេសស៊ែប៊ី នៅឆ្នាំ២០១៩ ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចំរើនថែមទៀត»។
តាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសដដែលនេះ បានឲ្យដឹងទៀតថា លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចពិគ្រោះយោបល់ លើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលបានប្រព្រឹត្តិទៅប្រកបដោយផ្លែផ្កា។
លោករដ្ឋលេខាធិការនៃក្រសួងការបរទេសស៊ែប៊ី ក៏បានបញ្ជាក់ថា កម្ពុជានិងស៊ែប៊ីមានទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងខាងនយោបាយ ហើយលោកក៏បានសំដែងនូវអំណរគុណផងដែរ ដល់កម្ពុជាដែលតែងតែមានជំហរច្បាស់លាស់ ចំពោះបញ្ហាកូសូវ៉ូ៕