(ភ្នំពេញ)៖ ទំព័រ Facebook ផ្លូវការរបស់សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) បានបង្ហោះសារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលកំពុងប្រារព្ធឡើង ក្នុងប្រទេសកម្ពុជា។
យោងតាម Facebook ផ្លូវការរបស់អាស៊ាន សរសេរជាភាសាអង់គ្លេស ហើយត្រូវបានបកប្រែជាភាសាខ្មែរយ៉ាងដូច្នេះថា «ថ្ងៃនេះ មិត្តភក្ដិកម្ពុជារបស់យើង កំពុងចាប់ផ្ដើមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលជាបុណ្យដ៏សំខាន់បំផុតមួយក្នុងប្រទេស។ ប្រជាជនកម្ពុជារាប់ម៉ឺន បានឈប់សម្រាកដើម្បីប្រារព្ធពិធីនេះ រួមមានការប្រណាំងទូកវែង, ការប្រគុំតន្ត្រី, ការបាញ់កាំជ្រួច និងការជួបជុំគ្នារយៈពេល៣ថ្ងៃ»។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។ សម្រាប់ឆ្នាំ២០១៨ ព្រះរាជពិធីបុណ្យជាតិនេះ ត្រូវបានប្រារព្ធឡើង ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា។
អំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យនេះទៀតសោត ក៏មានពិធី២ទៀតក្នុងនោះដែរ គឺពិធីប្រណាំងទូក និងពិធីបុណ្យអកអំបុក សំពះព្រះខែ។ ពិធីប្រណាំងទូក មានរយៈពេល៣ថ្ងៃតែម្តង ដែលពេលយប់មានការបណ្តែតប្រទីបផងដែរ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២តែប៉ុណ្ណោះ គឺនៅពាក់កណ្តាលរាត្រី នៃថ្ងៃ១៥កើត ខែកក្តិក។
បើតាមលោកបណ្ឌិត ចិន្ត ច័ន្តរតនា ប្រធានមូលនិធិកេរតំណែលខ្មែរ បានឲ្យដឹងថា ប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូកអកអំបុក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ត្រូវបានបែងចែកជា៣ រួមមាន៖
*ពីធីបុណ្យអុំទូក៖ ធ្វើឡើងដើម្បីរម្លឹកគុណដល់ព្រះបាទទជ័យវរ្ម័នទី៧ និងដើម្បីរម្លឹកគុណដល់ព្រះបាទអង្គចន្ទទី១ បានការពារទឹកដី ពីការឈ្លានពានរបស់ពួកសត្រូវ។
*ពិធីបណ្តែតប្រទីប៖ ធ្វើឡើងដើម្បីដឹងគុណដល់ព្រះគង្គា និងព្រះធរណី និងដើម្បីបូជាចំពោះព្រះចង្កូមកែវពិភពនាគ ដែលព្រះពុទ្ធបានទៅស្ទឹងនម្មទា និងនៅទីឯទៀត។
*ពិធីអកអំបុក និងសំពះព្រះខែ៖ ធ្វើឡើងដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាទន្សាយ ដែលគ្រានោះ បានបរិច្ចាគសាច់ដល់ព្រះឥន្ទ កាឡាខ្លួនជាព្រាហ្មណ៍គ្មានអាហារ។
លោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការប្រកួតទូក បានប្រាប់ Fresh News ឲ្យដឹងដែរថា ឆ្នាំ២០១៨នេះ ពិធីប្រណាំងទូក មានទូកចំនួន២៩៥ ស្នើនឹង១៤៨គូ សម្រាប់ចូលរួមប្រកួតប្រជែងនៅតាមដងទន្លេ មុខព្រះបរមរាជវាំង។ ទូកទាំង២៩៥នេះ មានចំណុះទូក ១៩,០១៧នាក់ ក្នុងនោះទូកអុំនារី១, អុំបុរសមាន ១៦៣ទូក, ទូកចែវនារី ១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦។
គួរជម្រាបដែរថា កាំជ្រួចជិត៩ពាន់គ្រាប់ នឹងត្រូវបាញ់ក្នុងពេលរាត្រី ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ។ នេះបើយោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
របាយការណ៍ដដែល បានឲ្យដឹងបន្តថា រយៈពេល៣ថ្ងៃ នៃថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យជាតិនេះ កាំជ្រួចដែលនឹងត្រូវបាញ់ ដើម្បីអបអរសាទរ មានចំនួន៨.៧៨០គ្រាប់ ក្នុងនោះ មានកាំជ្រួចទំហំធំ២.៤៥០គ្រាប់, ទំហំកណ្តាល៣.៧០០គ្រាប់ និងទំហំតូច២.៦៣០គ្រាប់៕