(ភ្នំពេញ)៖ ក្នុងពេលទទួលជួបជម្រាបលាចុងក្រោយរបស់លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាទើបផុតអាណត្តិ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលខិតខំជំរុញឱ្យមានការនាំចូល «សម្ភារសម្រាប់ធ្វើដំណើរ» ពីកម្ពុជាទៅលក់អាមេរិក ដែលនៅឆ្នាំ២០១៨នេះ អាចនឹងឈានដល់ ៥០០លានដុល្លារ។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២២ ខែវិច្ឆិកានេះ បានឱ្យដឹងថា «ឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ហើយដែលក្នុងនោះ គឺការខិតខំជំរុញឱ្យមានការនាំចូលទៅអាមេរិក នូវសម្ភារសម្រាប់ធ្វើដំណើរ ដែលនៅឆ្នាំ២០១៨នេះ អាចនឹងឈានដល់ចំនួន ៥០០លានដុល្លារ»។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការអនុវត្តដ៏ល្អនូវកម្មវិធីសហប្រតិបត្តិការធ្វើមាតុភូមិនិវត្ត នាពេលកន្លងមក ពិសេសសម្រាប់ជនជាតិកម្ពុជាដែលទៅអាមេរិកក្រោយឆ្នាំ១៩៩៤ ហើយជាក់ស្តែងនៅក្នុងឆ្នាំ២០១៨នេះ កម្ពុជាបានទទួលប្រជាជនរបស់ខ្លួនមកពីសហរដ្ឋអាមេរិកប្រមាណ ១០០នាក់។
ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបន្តជួយគាំទ្រដល់សកម្មភាពកម្ចាត់មីននៅកម្ពុជា ដើម្បីសម្រេចគោលដៅ «កម្ពុជាគ្មានគ្រាប់មីនឆ្នាំ២០២៥»។
លោក William A. Heidt ក៏បានថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្រ្តីផងដែរ ដែលតែងតែស្វាគមន៍ និងបើកចំហការជួបពិភាក្សាដោយផ្ទាល់ ហើយលោកសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក នឹងទទួលកិច្ចសហប្រតិបត្តិការដ៏ល្អតទៅទៀត។
ឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នាក្នុងការបន្តអនុវត្តគម្រោង និងកម្មវិធីផ្សេងៗ ដែលបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម៕