(ភ្នំពេញ)៖ ខណៈសំរាមជាច្រើនសន្ធឹកសន្ធាប់ នៅរាយប៉ាយពាសពេញទីធ្លារប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអំពាវនាវដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រមទាំងបានទទូចដល់សប្បុរសជននានាគប្បីចូលរួមឧបត្ថម្ភដល់កម្មករប្រមូលសំរាម ដែលធ្វើការងារប្រមូលសំរាមក្នុងព្រះរាជពិធីនេះផង។
ទន្ទឹមនឹងការអំពាវនាវនេះ លោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លូនចំនួន ១លានរៀល ផងដែរ សម្រាប់ឧបត្ថម្ភដល់កម្មករប្រមូលសំរាម ដែលថវិកានោះលោកបានផ្ញើទុកនៅកន្លែងផ្សាយរបស់ក្រុមការងារទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅក្បែរព្រះអង្គដងទង់ ខាងមុខព្រះបរមរាជវាំង ដូច្នេះកម្មករប្រមូលសំរាមអាចទៅយកនៅទីនោះបាន។
តាមរយៈគណនី Facebook ដែលបានបង្ហោះនាថ្ងៃទី២២ ខែវិច្ឆិកា ត្រូវនឹងថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូកនេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «មិនមែនគោះប៉ោតទេ តែថ្ងៃនេះខ្ញុំបានជួយមួយលានរៀលទៅក្រុមប្រមូលសំរាមក្រុង។ សូមទៅយកពីក្រុមការងារ ទទក ក្បែរព្រះអង្គដងទង់។ សង្ឃឹមថាក្រៅពីជួយទូកង សូមមានអ្នកជួយកម្មករប្រមូលសំរាមផង»។
ជាការពិតណាស់ ប្រជាពលរដ្ឋខ្មែរភាគច្រើន ក៏ដូចជាភ្ញៀវទេសចរមិនមានស្មារតីទទួលខុសត្រូវទាល់តែសោះចំពោះសំរាម និងកាកសំណល់ហូបចុករបស់ខ្លួន ក្នុងពេលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក ហើយនៅពិធីបុណ្យតូចធំ ឬក៏ការដើរទស្សនានៅកន្លែងនានា ក៏ពួកគេនៅតែមិនមានការទទួលខុសត្រូវនៅឡើយដែរ។
មួយវិញទៀត ក្នុងពេលប្រណាំងទូកនាឆ្នាំនេះ គេឮតែសំឡេងប្រកាសឧបត្ថម្ភសម្ភារៈ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កីឡាករអុំទូក ប៉ុន្តែដូចជាមិនទាន់ឮការប្រកាសឧបត្ថម្ភថវិកា សម្រាប់កម្មករប្រមូលសំរាមដែលកំពុងរាយប៉ាយដ៏ច្រើនអនេកនៅឡើយ។
រូបភាពមិនគប្បីជាច្រើនដែលបង្ហាញពីកាកសំណល់សំរាមដាច់កន្ទុយភ្នែក ពិសេសនៅតាមមាត់ទន្លេ មិនសមគ្មានអ្នកឃើញ ឬមិនសមគ្មានអ្នកគិតគូរឡើយ៕