(ភ្នំពេញ)៖ ទូកទាំង២៩៥ ស្មើនឹង១៤៨គូ ដែលចូលរួមប្រកួតថ្ងៃទី១ នឹងត្រូវប្រកួតឡើងវិញនៅថ្ងៃទី២នេះ ដោយគ្រាន់តែដូរគូប៉ុណ្ណោះ ពោលទូកឈ្នះប្រកួតជាមួយទូកឈ្នះ ទូកចាញ់ប្រកូតជាមួយទូកចាញ់។ នេះបើយោងតាមលោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការប្រកួតទូក។
ថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ លោក ប៊ូ ជុំសេរី បានបញ្ជាក់យ៉ាងដូច្នេះថា «អុំទាំងអស់គ្នាឡើងវិញ ប៉ុន្តមិនមែនប៉ះគូដដែលទេ។ កាលណាថ្ងៃទី១ ទូកលេខ១ប៉ះទូកលេខ២៥ អញ្ចឹងថ្ងៃទី២ ទូកលេខ១ប៉ះលេខ៣ទៅ លេខ៥ប៉ះលេខ៧ទៅ តាមឈ្នះតាមចាញ់។ យកទូកឈ្នះម្សិលមិញ គូជាមួយទូកឈ្នះ ទូកចាញ់ជាមួយទូកចាញ់»។
សូមជម្រាបថា យោងតាមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញបញ្ជីផ្គូទូក ក្នុងពិធីប្រណាំងទូក នៃឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ឲ្យដឹងថា មានទូកចំនួន២៩៥ ស្នើនឹង១៤៨គូសម្រាប់ប្រកួត។ ទូកទាំង២៩៥នេះ មានចំណុះទូក ១៩,០១៧នាក់ ហើយក្នុងនោះទូកអុំនារី១, អុំបុរសមាន ១៦៣ទូក, ទូកចែវនារី ១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦៕