(កំពង់ចាម)៖ ក្រោយទទួលបានព័ត៌មានពីមូលដ្ឋាន និងមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងសមត្ថកិច្ចបានបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅស្ថិតក្នុងភូមិព្រែកប្រណាក និងភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស។
របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ លោកបានបញ្ជាអធិការនគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាយប៉ាយ ក្រុមប្រឹក្សាឃុំ និងសហគមន៍បឹងB៦ ដឹកនាំដោយលោក ហោ ហ៊ិន ក្រុមប្រឹក្សាឃុំ ដោយមានការចង្អុលបង្ហាញពីលោក មឿន ផា អភិបាលស្រុកកងមាស បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចព្រែក ស្ថិតក្នុងភូមិព្រែកប្រណាក និងភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស។
របាយការណ៍ដដែលបញ្ជាក់ថា ជាលទ្ធផល លូស្បៃមុង ចំនួន១៥មាត់, របាំងស្បៃមុង ប្រវែង២៨០ម៉ែត្រ និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ ចំនួន២០គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង បានសហការដុតបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕