(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈស្នងការ លោកនាយការិយាល័យជំនាញ រួមទាំងអធិការ អធិការរង និងមន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកចំការលើ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ជាកិច្ចបច្ឆាមរណជូនសព លោកវរសេនីយ៍ត្រី ជី ម៉ាច អត្ដលេខ១៩៣៧៤ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាប្រុក ដែលបានទទួលមរណភាព នៅពេលដែលកំពុងបំពេញការងារ កាលពីថ្ងៃទី២០ ខែវិច្ឆិកា។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី ជី ម៉ាច, លោកឧត្តមសេនីយ៍ទោ ឯម កុសលនិងសហការី បានអុជធូបបួងសួងឧទ្ទិស ទៅដល់វិញ្ញាណក្ខន្ធទាំងអារម្មណ៍ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ក្នុងការបាត់បង់នូវមន្ត្រីដ៏សកម្មម្នាក់ ដែលធ្លាប់បានបម្រើជាតិមាតុភូមិ អស់រយៈពេលច្រើនឆ្នាំកន្លងមក។
ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ និងជាប្រធានអតីតយុទ្ធជនខេត្ត បាននាំយកនូវថវិការបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សរុបចំនួន៦.០៣៥.០០០រៀល, អង្ករ០១បេ, ទឹកក្រូច០៤កេស, ទឹកសុទ្ធ០៦កេស, មី០៦កេស ដែលថវិកាទាំងនេះ បានប្រគល់ជូនគ្រួសារនៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារសព បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ស្នងការ និងសហការី ព្រមទាំងសប្បុរជន ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ៕