(កំពង់ធំ)៖ លោករដ្ឋមន្ដ្រី ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ បានផ្ដល់ជំនួយជាគ្រឿងចក្រ និងផ្ដល់ថវិកាសម្រាប់ទិញប្រេង ដើម្បីឲ្យសមត្ថកិច្ចកាយប្រឡាយទាញទឹកស្រោចស្រពជូនកសិករ ដែលកំពុងរងគ្រោះ។
ជាក់ស្ដែង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តាមសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីសង្គ្រោះសូវប្រាំងដែលកំពុងរងគ្រោះ ដោយគ្រោះរាំស្ងួត កម្លាំងយោធាខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងខេត្ត និងសហការី នៃថ្នាក់ដឹកនាំបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តល់ថវិកាសម្រាប់ទិញប្រេងឥន្ទនៈចំនួន២០០លីត្រ ចាក់គ្រឿងចក្រ កាយប្រឡាយ ស្រោចស្រពស្រូវប្រាំងដែលកំពុងរងគ្រោះរាំស្ងួត នៅតំបន់ត្រពាំងប៉ោង និងខ្លាគ្រហ៊ឹម ស្ថិតក្នុងឃុំទ្រៀលស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ប្រឡាយនេះមានប្រវែង១,៦៥០ម៉ែត្រ បានដល់ប្រភពទឹកដែលត្រូវយកពេលនេះ បានដោះស្រាយបញ្ចប់ហើយ ប្រហែលជា៣ទៅ៥ ថ្ងៃទៀត ស្រូវដែលកំពុងរងគ្រោះនេះ និងមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពហើយ។
បើតាមលោកមេបញ្ជាការ ប្រជាពលរដ្ឋដែលរងគ្រោះ បានសម្ដែងនូវក្ដីរំភើប រីករាយយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះស្រូវទាន់ពេលវេលានេះ និងបានថ្លែងអំណរគុណ ដល់លោក ថោង ខុន ដែលបានផ្ដល់នូវជំនួយទាំងអស់នេះផងដែរ៕